ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកគង់ គាំ ៖ ដំណោះស្រាយនយោបាយ គឺលទ្ធផល នៃការចរចាដោះស្រាយគ្នា

60


ភ្នំពេញ ៖ លោកគង់ គាំ-Kong Korm អតីតប្រធានគណបក្សសមរង្ស៊ី និងជាអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី១២-ធ្នូ-២០១៨ តាមរយៈផេកហ្វេសប៊ុក បានសរសេរថា ដំណោះស្រាយនយោបាយ គឺលទ្ធផលនៃការចរចាដោះស្រាយគ្នា។ វិសោធនកម្មច្បាប់គណបក្សនយោបាយ មាត្រា ៤៥ថ្មី(ស្ទួន) ជាមាត្រា៤៥(ស្ទួនមួយ) គឺអ្នកនយោបាយជាប់បម្រាមអាចទទួលនីតិសម្បទាឡើងវិញ មុនកាលកំណត់របស់តុលាការ ដោយព្រះមហាក្សត្រ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

លោកគង់ គាំ បានបញ្ជាក់បន្ថែមថា សម រង្ស៊ី លាលែងពីតំណែងប្រធាន CNRP ដោយអានុភាពច្បាប់។ CNRP ឈប់ប្រើរូបសញ្ញា សម រង្ស៊ី-កឹម សុខា ឈរចាប់ដៃគ្នាក៏ដោយអានុភាពច្បាប់។ បុគ្គលសម រង្ស៊ី ធ្លាប់ទទួលការលើកលែងទោស ពីព្រះមហាក្សត្រតាមសំណើរបស់នាយករដ្ឋមន្ត្រី (ដោយមិនបានលក់ខ្លួន) យ៉ាងណាសូមកុំបង្កាច់បង្ខូច បំផ្លិចបំផ្លាញអ្នកដ៏ទៃ។ ជាតិក្បត់អ្នក ឬអ្នកក្បត់ជាតិ។ យើងគោរពអ្នកដេកចាំ CNRP យើងគោរពអ្នកបានចូលរួមជាមួយ CPP និងយើងគោរពអ្នកទទួលឱកាសថ្មី ជម្រើសថ្មី កសាងប៉ូលថ្មី។

លោក គង់ គាំ បានប្រកាសថា លោកបានត្រៀមខ្លួនរួចហើយ ដើម្បីស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយចូលជាធរមាន។ លោក​ គង់ គាំ បានប្រកាសបែបនេះ បន្ទាប់ពីរដ្ឋសភា បានអនុម័តទាំងស្រុង លើសេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ គណបក្សនយោបាយ ដែលអាចបើកផ្លូវឱ្យអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ មានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយឡើងវិញ។

លោក គង់ គាំ បានបញ្ជាក់ប្រាថា៖ ខ្ញុំបានទន្ទឹង គឺតាំងពីចាប់ផ្តើមមានវិសោធនកម្មមក ខ្ញុំបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីនឹងស្នើសុំទៅសម្តេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដើម្បីធ្វើសេចក្តីស្នើដើម្បីឱ្យខ្ញុំមាននីតិសម្បទាធ្វើនយោបាយឡើងវិញ។

លោកគង់ គាំ បានអះអាងថា តាំងពីចុងឆ្នាំ២០១៧មក លោកបានអនុវត្តបានត្រឹមត្រូវតាមសាលដីការបស់តុលាការកំពូល ដោយមិនបានធ្វើសកម្មភាពនយោបាយ និងមិនបានចូលរួមជាមួយគណបក្សនយោបាយណាមួយទេ ហើយក៏មិនបានឈរឈ្មោះអ្វីទាំងអស់ ដូច្នេះលោកជឿជាក់ថា លោកនឹងទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ បន្ទាប់ពីធ្វើការស្នើសុំនេះ៕

អត្ថបទដែលជាប់ទាក់ទង