សម្ដេចពិជ័យសេនា ពិនិត្យការសាងសង់ និងការរៀបចំប្រារព្ធខួប ទិវានយោបាយឈ្នះឈ្នះ នៅវិមានឈ្នះឈ្នះ
ភ្នំពេញ៖ នៅរាត្រីថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអញ្ជើញចុះពិនិត្យបន្ទាន់លើដំណើរការសាងសង់ និងការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា ដែលនឹងធ្វើឡើងរយៈពេល៣ថ្ងៃ នៅវិមានឈ្នះឈ្នះ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។នេះបើតាមការផ្សាយរបស់វេបសាយក្រសួងការពារជាតិ នៅថ្ងៃទី១៣ខែធ្នូនេះ។
សម្ដេចពិជ័យសេនា បានពិនិត្យលើការងារគ្រប់ផ្នែក ដែលត្រូវជំរុញឲ្យការប្រារព្ធពិធីដំណើរទៅបានរលូន ទាំងផ្នែកអាងទឹក រូបចម្លាក់ សំណង់ជាដើម ព្រោះការប្រារព្ធពិធីកាន់តែគៀកថ្ងៃហើយ ដូច្នេះបើទោះបីជាមមាញឹកយ៉ាងណា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ឆ្លៀតចុះទៅតាមដាន និងសិក្សាហេដ្ឋារចនាសម្ព័ន្ធទាំងខាងក្រៅ ខាងក្នុង ដែលប្រមូលផ្ដុំផ្ដោតទៅលើខ្លឹមសារសំខាន់ៗ ដែលត្រូវបង្ហាញ និងបញ្ជាក់ជូនសាធារណៈជន នៅក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួបលើកទី២០ នៃនយោបាយឈ្នះ-ឈ្នះ។ បន្ថែមពីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានណែនាំឲ្យយកចិត្តទុកដាក់លើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ការងារពិធីការ និងការធានា ដើម្បីចាត់ចែងធ្វើជាបន្ទាន់នូវអ្វីដែលនៅសេសសល់ ឲ្យបានឆាប់រហ័សដោយតម្រូវឲ្យបញ្ចប់នៅថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបន្ដទៅដំណាក់កាលចុងក្រោយ។ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ទៅកាន់ក្រុមការងារបច្ចេកទេសថា៖ ដើម្បីពន្លឿនការងារឲ្យរួចរាល់តាមពេលកំណត់ គឺក្រុមការងារនឹងត្រូវធ្វើការទាំងថ្ងៃទាំងយប់ ដោយគ្មានពេលសម្រាកឡើយ ។
នៅព្រឹកថ្ងៃដដែល នៅទីស្តីការគណៈរដ្ឋមន្ត្រី បានរៀបចំប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំគ្រប់ផ្នែក សម្រាប់ពិធីសម្ភោធវិមានឈ្នះឈ្នះ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ ទិវានយោបាយឈ្នះឈ្នះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ ។
នៅក្នុងកិច្ចប្រជុំនោះដែរ បានតាមដានរបាយការណ៍សង្ខេប អំពីលទ្ធផលការងារដែលបានរាយការណ៍ដោយ លេខាធិការដ្ឋាន គណៈកម្មការអន្តរក្រសួង របាយការណ៍របស់អនុគណៈកម្មាធិការពិធីការ របាយការណ៍សង្ខេប អនុគណៈកម្មការការរៀបចំពិព័រណ៍ សកម្មភាពកីឡា និងពិធីឆ្លងចូលឆ្នាំថ្មីឆ្នាំសាកល របាយការណ៍របស់អនុគណៈកម្មការរៀបចំផែន និងបាញ់កាំជ្រួច របស់អនុគណៈកម្មការរៀបចំខ្លឹមសារ រៀបចំផ្ទាំងទស្សនីយភាព និងរបាយការណ៍របស់អនុគណៈកម្មការរៀបចំការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសង្រ្គោះបន្ទាន់។ កិច្ចប្រជុំនាពេលនោះ ក៏បានពិភាក្សាទៅលើសកម្មភាពការងារទៅតាមផ្នែកនីមួយៗយ៉ាងល្អិតល្អន់ ដូចជាការរៀបចំផែនឈរ រៀបចំស្តង់តាំងពិព័រណ៍ទំនិញផ្សេងៗ ការរៀបចំបាញ់កាំជ្រួច ព្រមទាំងបានឆ្លង ស្ពតសម្រាប់ផ្សព្វផ្សាយតាមទូរទស្សន៍ ផ្ទាំងផ្សព្វផ្សាយផ្សេងៗ ដើម្បីអោយមហាជនបានមកចូលរួមឲ្យបានច្រើនក្នុងពិធីសម្ពោធនេះ។
ក្នុងកិច្ចប្រជុំនាពេលនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកការប្រារព្ធពិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួប២០ឆ្នាំ នៃទិវានយោបាយឈ្នះឈ្នះនេះ គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដ៏ធំក្នុងប្រទេសកម្ពុជា ដែលពុំធ្លាប់មានពីមុនមក ជាពិសេសការរៀបចំបាញ់កាំជ្រួចនៅវិមានឈ្នះឈ្នះ នាយប់រយៈពេល៣ថ្ងៃ ឆ្លងឆ្នាំសាកល ក៏ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដ៏ធំដែលពុំធ្លាប់មាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្ដេចពិជ័យសេនាបានបញ្ជាក់ថា៖ ការសាងសង់វិមានឈ្នះឈ្នះ គឺបានកសាងឡើងដោយស្នាដៃកូនខ្មែរទាំងអស់។ សម្ដេចពិជ័យសេនាបានសំណូមពរ ឱ្យអនុគណៈកម្មការនីមួយៗ ត្រូវបន្តការសហការគ្នា ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំពិធីសម្ពោធវិមានឈ្នះឈ្នះ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី២០ ទិវានយោបាយឈ្នះឈ្នះប្រព្រឹត្តទៅទទួលបានជោគជ័យ ដើម្បីអបអរសន្តិភាព និងសមិទ្ធផល ដែលព្រះជាណាចក្រកម្ពុជា ទទួលបានក្នុងរយៈពេល២០ឆ្នាំកន្លងមកនេះ ៕