បុរសម្នាក់ស្ពាយឧបករណ៍ទៅឆក់ត្រី បែរជាន់ចំខ្សែលួសមានចរន្តអគ្គិសនី ដែលគេរាយហ៊ុមព័ទ្ធភ្លឺស្រែ ឆក់ស្លាប់
ព្រៃវែង៖ មានករណី ឆក់ខ្សែភ្លើង បណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្នុងពេលដែលបុរសរូបនោះ ស្ពាយឧបករណ៍ឆក់ត្រី ទៅរកស៊ីលួចឆក់ត្រីទាំងកណ្តាលអធ្រាត្រ។ ចំណែកម្ចាស់ខ្សែលួសមានចរន្តអគ្គិសនី រាយហ៊ុមព័ទ្ធភ្លឺស្រែ ត្រូវចាប់ខ្លួន ។ ហេតុការណ៍នេះកើតឡើង នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១៣និង៥០នាទី នៅចំណុចភូមិត្រោក ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទី ចុន ភេទប្រុស អាយុ ៣៧ឆ្នាំ នៅភូមិ ឃុំ កើតហេតុខាងលើ។ ជនរងគ្រោះ បានស្ពាយឧបករណ៍ ឆក់ត្រីខុសច្បាប់ ដើរចេញពីផ្ទះ ទៅរកឆក់ត្រី នៅចំណុចវាលស្រែ កន្លែងកើតហេតុ បណ្តាលឲ្យឆក់នឹងខ្សែលួសមានចរន្តអគ្គិសនីរាយហ៊ុមព័ទ្ធភ្លឺស្រែ។ ម្ចាស់ស្រែ ឈ្មោះ ឈិត យ៉ៃ ភេទប្រុស ៥៨ ឆ្នាំ នៅភូមិ ឃុំកើតហេតុ បានរាយខ្សែលួសហ៊ុមព័ទ្ធ តភ្លើងចេញពីផ្ទះខ្លួន ចម្ងាយប្រហែល ១០០ ម៉ែត្រដោយទុកចោល សម្រាប់ការពារ កណ្តុរមិនឲ្យស៊ីស្រូវប្រាំងរបស់ខ្លួន ។
បច្ចុប្បន្ន សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ជាម្ចាស់ខ្សែលួស រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍ ដើម្បីបន្តនីតិវិធី ។