កំណត់ជ្រើសរើស ចំការមីន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ
ប្រទេសថៃ៖នៅថ្ងៃពុធទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅខេត្តស្រះកែវ ប្រទេសថៃ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានដឹកនាំគណៈប្រតិភូស៊ីម៉ាក់ប្រជុំជាមួយលោក ឧត្តមសេនីយ៍ឯក Sittipol Nimnuan អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ(TMAC) ដើម្បីពិភាក្សាស្តីអំពីការកំណត់ជ្រើសរើស ចំការមីន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងធ្វើទស្សនកិច្ច នៅមន្ទីរពេទ្យអារញ្ញប្រាថេន ប្រទេសថៃ ព្រមទាំងស្វែងយល់ពីការធ្វើជើង សិប្បនិមិត្ត នៅក្នុងមន្ទីរពេទ្យនេះ។
នៅក្នុងជំនួបនេះ CMAC និង TMAC បានបង្ហាញការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែង ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បោសសំអាតមីន រវាងអង្គភាពទាំងពីរ ជាពិសេសការបោសសំអាតមីន តាមព្រំដែនកម្ពុជា-ថៃ ដើម្បីគាំទ្រដល់ការអភិវឌ្ឍ នៅតំបន់សេដ្ឋកិច្ចពិសេស និងតំបន់នានា នៅតាមបណ្តោយព្រំដែន ដោយអនុលោម ទៅតាមស្មារតីកិច្ចប្រជុំ និងការសម្រេចរបស់ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC)។
សូមបញ្ជាក់ផងដែរថា ការបោសសំអាតមីន តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានប្រគល់ភារកិច្ច ដោយរាជរដ្ឋាភិបាល នៃប្រទេសទាំង២ ឲ្យអង្គភាពTMAC និងអង្គភាព CMAC អនុវត្តជាសេនាធិការជូនគណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ។
សូមបញ្ជាក់ថា ការងារនេះ ចែកជាជំហានៗ ដោយជំហានទី១ គឺបោសសំអាត តែតំបន់ព្រំដែន ដែលមានការបោះបង្គោលព្រំដែនច្បាស់លាស់ មានភូមិករប្រជាជន កំពុងរស់នៅ និងហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់) ដើម្បីធានាសុខសុវតិ្ថភាពនិង ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយផែនការត្រូវមានការអនុម័ត ពីគណ:កម្មការព្រំដែនទូទៅ និងគណ:កម្មការព្រំដែន។
សូមជម្រាបថា យោងតាមអនុសញ្ញាអូតាវ៉ា ប្រទេសថៃ គ្រោងនឹងត្រូវសម្រេចឲ្យបាន នូវការបោតសម្អាតមីន ឲ្យអស់នៅឆ្នាំ២០២៣ ខណៈកម្ពុជាកំណត់ឲ្យដោះគ្រាប់មីនប្រឆាំងមនុស្ស ឱ្យចប់សព្វគ្រប់ត្រឹមឆ្នាំ២០២៥៕