ទូតន័រវេសប្រចាំអង្គការសហប្រជាជាតិ មកពិនិត្យមើលការងារបោសសម្អាតមីន របស់អង្គភាពស៊ីម៉ាក់
សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ទី ១៣ ខែធ្នូ ឆ្នាំ២០១៨ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ និងថ្នាក់ដឹកនាំស៊ីម៉ាក់បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោក Hans Brattskar ឯកអគ្គរាជទូតតំណាងអចិន្ត្រៃយ៍ ប្រទេសន័រវេសប្រចាំអង្គការសហប្រជាជាតិ និងលោកស្រី Kjersti Rodsmoen ឯកអគ្គរាជទូតន័រវេសប្រចាំប្រទេសថៃ និងកម្ពុជា។
លោកហេង រតនា បានថ្លែងថា ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូបានអញ្ជើញទស្សនាសារមន្ទីរសន្តិភាពសកម្មភាពកម្ចាត់មីនដែលស្ថិតនៅក្នុងខេត្តសៀមរាប។ ឯកឧត្តម និងលោកជំទាវ ព្រមទាំងគណៈប្រតិភូ បានសិក្សាស្វែងយល់បន្ថែមទៀត អំពីការងាររបស់អង្គភាពស៊ីម៉ាក់ ដែលផ្តោតសំខាន់លើការងារមនុស្សធម៌របស់ស៊ីម៉ាក់ ទាំងការងារបច្ចេកទេស ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងការចែករំលែកនូវបទពិសោធន៍ទាំងចំណេះដឹង និងចំណេះធ្វើ ទៅលើការងារបោសសម្អាតមីន ជាមួយប្រទេសដដៃទៀត នៅលើពិភពលោក។
លោកអគ្គនាយកស៊ីម៉ាក់ មានសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើទស្សនកិច្ចនេះ គណៈប្រតិភូ អាចមានការយល់ដឹងស៊ីជម្រៅអំពីសមទិ្ធផល ដ៏ធំធេងដែលកម្ពុជាសម្រេចបាន ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ឆ្ពោះទៅមុខ និងកិច្ចសហប្រតិបតិ្តការអន្តរជាតិ យ៉ាងទូលំទូលាយរបស់កម្ពុជាលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា នៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨លោកអគ្គនាយកស៊ីម៉ាក់ បានអមដំណើរលោក ឯកអគ្គរាជទូតនៃប្រទេស Norway ប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានអង្គប្រជុំរដ្ឋភាគី នៃអនុសញ្ញាអន្តរជាតិ ហាមប្រាមការប្រើប្រាស់គ្រាប់មីន ប្រឆាំងមុស្ស និងលោកស្រីឯកអគ្គរាជទូតប្រទេសNorway ប្រចាំប្រទេសថៃ និងប្រទេសកម្ពុជា អញ្ជើញត្រួតពិនិត្យការដោះមីន និងគាំទ្រការអភិវឌ្ឍន៍ ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ៕