ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១០ខែ ឆ្នាំ២០១៨ ទេសចរអន្តរជាតិជាង៧៧ម៉ឺននាក់ បានទៅទស្សនាតំបន់ឆ្នេរកម្ពុជា

105


កោះកុង៖លោកថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០១៨ ភ្ញៀវទេសចរណ៍អន្តរជាតិជាង ៧៧ម៉ឺននាក់ បានមកទស្សនាតំបន់ឆ្នេរសមុទ្រនៅប្រទេសកម្ពុជា ក្នុងកំណើន ២៦,៩ភាគរយ។ លោកថ្លែងនៅក្នុងពិធីបើកសិក្ខាសាលាអបអរសាទរពិធីបុណ្យសមុទ្រលើកទី៧ (ជុំទី២) នៅខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ។

លោក ថោង ខុន បានរំពឹងទុកថា សម្រាប់ឆ្នាំ២០១៨នេះ តំបន់ឆ្នេរសមុទ្រកម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩២ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣,៥លាន់នាក់ ក្នុងនោះខេត្តកោះកុងអាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ៩ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៦០ម៉ឺននាក់។

លោកបានមានប្រសាសន៍ថា តាមការប៉ាន់ស្មាន តំបន់ឆ្នេរសមុទ្រកម្ពុជាទាំងមូលអាចទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១.២លាននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤,៥លាននាក់ នៅឆ្នាំ២០២០ និងនៅឆ្នាំ២០៣០ អាចទទួលបានភ្ញៀវអន្តរជាតិជាង ៣លាននាក់ និងភ្ញៀវជាតិប្រមាណ ៦លាននាក់។

លោករដ្ឋមន្ត្រីថា តួលេខខាងលើនេះ គឺជាសារប្រកាសជូនប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធឲ្យចូលរួមគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ដើម្បីទាញយកផលប្រយោជន៍សេដ្ឋកិច្ច សង្គមជាអតិបរិមាពីតំបន់នេះ តាមរយៈវិស័យទេសចរណ៍។

លោក ថោង ខុន ក៏បានរំឭកឡើងវិញថា បុណ្យសមុទ្រលើកទី៧ ឆ្នាំ២០១៨ នៅខេត្តកោះកុងនឹងប្រារពធ្វើឡើងក្រោមប្រធានបទ “ឆ្នេរសមុទ្រស្អាត ពលរដ្ឋរមណីយ – Beautiful Bay, Happy Citizen” ក្រោមពាក្យស្លោក “អេកូទេសចរណ៍សម្រាប់កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព”។

លោកបានបន្តថា ពាក្យស្លោកនេះ គឺការគូសបញ្ជាក់ឱ្យកាន់តែច្បាស់នូវចំណងពាក់ព័ន្ធ រវាងធនធានធម្មជាតិតំបន់ឆ្នេរ និងមនុស្ស ដែលមានន័យថា ពលរដ្ឋរស់នៅក្នុងតំបន់ឆ្នេរសមុទ្រទួលបានភាពសប្បាយរីករាយ ក្នុងបរិយាកាសរស់នៅល្អមានកម្រិតជីវភាពរស់នៅសុខដុមរមនា អាស្រ័យនឹងធនធានសមុទ្រ ខណៈដែលធនធានសមុទ្ររបស់កម្ពុជាអាចរក្សាបាននូវភាពទាក់ទាញ ស្អាតល្អ និងសម្បូរបែប ដោយសារកត្តាមនុស្ស។

លោកបញ្ជាក់បន្ថែមថា ប្រធានបទនេះក៏ស្របតាមទិសដៅយុទ្ធសាស្រក្នុងការអភិវឌ្ឍខេត្តតំបន់ឆ្នេរទាំង៤៖
* ខេត្តកោះកុង ត្រូវបានចាត់ទុកជាគោលដៅអេកូទេសចរណ៍តំបន់ឆ្នេរលំដាប់ខ្ពស់ និងប្រណីត
* ខេត្តព្រះសីហនុ ជាគោលដៅទីក្រុងទេសចរណ៍សម្រាកលំហែ និងជាបណ្តុំ សម្រាប់តំបន់ឆ្នេរសមុទ្រកម្ពុជា
* ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់ និងប្រណីត
* ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍បេតិកភណ្ឌវប្បធម៌ និងកសិទេសចរណ៍តំបន់ឆ្នេរ។

លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា ខេត្តកោះកុង ជាខេត្តដែលប្រកបដោយសក្តានុពលទេសចរណ៍ និងអេកូទេសចរណ៍ជាច្រើន ជាអាទិ៍៖ តំបន់អេកូទេសចរណ៍អារ៉ែង សហគមន៍អេកូទេសចរណ៍ជីផាត សហគមន៍អេកូទេសចរណ៍ត្រពាំងរូង សហគមន៍អេកូទេសចរណ៍តាតៃក្រោម សហគមន៍ទេសចរណ៍ពាមក្រសោប និងមានរមណីយដ្ឋានអេកូទេសចរណ៍ខ្នាតធំជាច្រើនទៀត ដូចជារមណីយដ្ឋានវិសមកាលតារាសាគរ រមណីយដ្ឋានទេសចរណ៍តាតៃ និងបណ្តារមណីយដ្ឋានធំៗដទៃទៀតជាច្រើនបានកំពុងដំណើរធុរកិច្ចរបស់ខ្លួន ហើយតាមរយៈសកម្មភាពនេះ បាននិងកំពុងនាំមកនូវប្រភពសេដ្ឋកិច្ចជាច្រើនដល់សហគមន៍មូលដ្ឋាន ក៏ដូចជាកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។

នាឱកាសនោះ លោករដ្ឋមន្ត្រី ថោង ខុន ក៏បានស្នើដល់ភាគីព័ន្ធទាំងអស់យកចិត្តទុកដាក់លើកិច្ចការមួយចំនួនផងដែរ ដើម្បីរក្សាបាននូវលំនឹងសេដ្ឋកិច្ច សង្គម និងបរិស្ថានធម្មជាតិតំបន់ឆ្នេរ ពិសេសតំបន់ឆ្នេរខេត្តកោះកុង ក្នុងនោះរួមមានត្រូវពង្រឹងការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ពិសេសឆ្នេរខ្សាច់កម្សាន្តស្អាត ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង