ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន, រដ្ឋាភិបាលចិនចុះកិច្ចព្រមព្រៀងផ្តល់ជំនួយ និងឥណទានដល់កម្ពុជាជាង២០០លានដុល្លារ លើគម្រោងចំនួន២

79


ភ្នំពេញ៖ ជាសរុប គិតត្រឹមថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០១៨ ទំហំហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន នឹងមានចំនួនសរុបប្រមាណ ៥.៨០០ លាន ដុល្លារអាមេរិក ក្នុងនោះឥណទានសម្បទានមានសរុបចំនួនប្រមាណ ៤.៤០០លាន ដុល្លារអាមេរិក និងហិរញ្ញប្បទានក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសចំនួនប្រមាណ ១.៤០០លានដុល្លារអាមេរិក។

លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ លោក Deng Boqing អនុប្រធានទីភ្នាក់ងារចិនសម្រាប់កិច្ចសហប្រតិបត្តិការ នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៨ ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ខែធ្នូនេះបានឲ្យដឹងថា ភាគីទាំងពីរ ក៏បានអញ្ជើញចូលរួមចុះហត្ថលេខារួមគ្នា លើកិច្ចព្រមព្រៀងក្របខ័ណ្ឌចំនួនពីរដូចខាងក្រោម៖
១៖ កិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសនូវហិរញ្ញប្បទានឥតសំណង (ជំនួយ) ចំនួន១.២០០ លានយ័នចិន (ប្រមាណ១៧០លានដុល្លារ) ។ ថវិកាហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់អនុវត្តគម្រោង លើកកម្ពស់ជីវភាពប្រជាជន និងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
២៖ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី ឥណទានសម្បទានជាប្រាក់យ័នចិន សម្រាប់គម្រោងអភិវឌ្ឍន៍អាងទឹករក្សា ក្នុងខេត្តព្រះវិហារ ទឹកប្រាក់ឥណទានមានចំនួន ៦២២លានយ័នចិន (ប្រមាណ៩០លានដុល្លារ)។

ពិធីចុះហត្ថលេខានាពេលនេះ គឺសបញ្ជាក់ឲ្យឃើញនូវកិច្ចសហប្រតិបត្តិការល្អ ក្នុងក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ដែលធ្វើឲ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ក្នុងការជម្រុញធ្វើឲ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ច និងកំណើនជីវភាពរបស់ប្រជាជននៃប្រទេសទាំងពីរ ៕

អត្ថបទដែលជាប់ទាក់ទង