ផ្តើមចេញពីភ្លើងប្រចណ្ឌ ប្តីបាញ់សម្លាប់ប្រពន្ធ រួចបាញ់សម្លាប់ខ្លួនឯង ស្លាប់ទាំង២នាក់ នៅខេត្តកំពង់ធំ
កំពង់ធំ ព្រោះតែរឿងប្រចណ្ឌប្រពន្ធ ធ្វើឲ្យប្តីដាច់ចិត្តយកកាំភ្លើងបាញ់សម្លាប់ប្រពន្ធ ហើយបាញ់សម្លាប់ខ្លួនឯងស្លាប់ជាក្រោយ ខណៈដែលជនរងគ្រោះជាភរិយា ត្រឡប់មកពីញ៉ាំការ ក៏ផ្ទុះរឿងជជែក ប្រកែកគ្នាមួយសន្ទុះ ហើយក៏ផ្ទុះអាវុធចំនួន៥គ្រាប់ បណ្តាលឲ្យស្លាប់ទាំង២នាក់យ៉ាងអាណោចអាធ័ម ។
អំពើឃាតកម្មនេះ បានកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ ២០១៨ ស្ថិតនៅភូមិបល្ក័ង្ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយជនដៃដល់ជាប្តីឈ្មោះ ហេង សុវណ្ណរា ហៅ ខ្លឹង អាយុ៤៤ឆ្នាំ បានបាញ់សម្លាប់ប្រពន្ធឈ្មោះ ស៊ុន ពៅ អាយុ ៣៧ឆ្នាំ ចំនួន២គ្រាប់ចំដើមទ្រូង បណ្តាលឲ្យស្លាប់ បន្ទាប់ក៏បានបាញ់សៀតផ្កាខ្លួនឯង បណ្តាលឲ្យស្លាប់ទាំងពីនាក់។ អ្នកទាំងពីរ មានមុខរបរលក់បាយ និងលាងឡាន។
ក្រោយកើតហេតុ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការរងទទួលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការនគរបាលខេត្តកំពង់ធំ ដឹកនាំកម្លាំងជំនាញចុះទៅកន្លែងកើតហេតុ ដោយមានកម្លាំងផ្នែកសឹករងក្រុងស្ទឹងសែន កងរាជអាវុធហត្ថខេត្ត និងបុស្តិ៍រដ្ឋបាលបល្ល័ង្គ រួមទាំងក្រុមគ្រូពេទ្យ ដើម្បីពិនិត្យកោសលវិច័យ។
ក្រោយពីពិនិត្យរួចរាល់ សមត្ថកិបានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ ប្តីប្រពន្ធពិតជាមានជម្លោះរឿងស្នេហា ដោយខាងប្រុសប្រចណ្ឌខាងស្រី ទើបឈានដល់ការបាញ់សម្លាប់គ្នា ដោយអាវុធខ្លី ម៉ាករ៉ូឡូ ចំនួន៥ គ្រាប់ ដោយអាវុធនេះ ជនដៃដល់បានលួចលាក់ទុក កាលពីសម័យធ្វើជាកងកម្លាំង។
តាមការឲ្យដឹងពីសាច់ញាតិរបស់សាកសព ដែលត្រូវជាបងស្រីបង្កើត បានឲ្យដឹងថា ប្តីប្រពន្ធនេះធ្លាប់ឈ្មោះគ្នាជាច្រើនលើកច្រើនសារមកហើយ ដោយមួយរយៈកន្លងមកនេះ ប្តីរបស់ ស៊ុន ពៅ ធ្លាប់បានច្របាច់ក ប្រពន្ធស្ទើរស្លាប់ម្តងរួចមកហើយ តែកាលនោះមានបងប្អូនចូលទៅជួយទាន់ ហើយគាត់បានប្រាប់ប្អូនស្រីគាត់ថា ឲ្យតបមាត់ តមសំដី ខ្លាចក្រែងមានរឿងធំទៀត លុះមកដល់ពេលនេះ ក៏មានហេតុការណ៍ស្លាប់ ដោយសាររឿងប្រចណ្ឌទាល់តែបាន។
ក្រោយសមត្ថកិច្ចពិនិត្យសាកសពរួច ក៏បានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕