ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន​អ្នក​ឧកញ៉ា​ លី​ យុងផាត់​ ប្ដឹងចាប់រាស្ត្រម្ចាស់ដី​ ២​ នាក់ដាក់​គុក​ សមត្ថកិច្ច​ និង​ តុលាការ​ក្រវីក្បាល​

62


ភ្នំពេញ៖ លោកផែង វណ្ណៈ បានសរសេរក្នុងផេកហ្វេសប៊ុកនៅថ្ងៃទី១៤ខែធ្នូនេះថា ប្រជាជន​ ២​ នាក់​ គឺ​ លោកស្រី​ ខាត់​ គឹម​លាង​ ភេទ​ស្រី​ អាយុ​ ៦៦ឆ្នំា​ មុខ​របរ​ កសិករ​ មាន​អាសយដ្ឋាន​បច្ចុប្បន្ន​ ភូមិ​រាម​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ និង​ លោក​​ ឆាំ​ សាំង​ ភេទ​ប្រុស​ អាយុ​៥៣ឆ្នាំ​ មុខរបរ​ យោធា​ អាសយដ្ឋាន​រស់​នៅ​បច្ចុប្បន្ន​ ភូមិ​រាម​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ជាម្ចាស់​ដីទំហំ​ ២​ ហិកតា​ ដែលមានទីតាំងនៅ​ភូមិ​ ចំណោទ​រាម​ ឃុំ​ បិតត្រាង​ ស្រុក​ ព្រៃ​នប់​ ខេត្ត​ ព្រះសីហនុ​ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូន ទៅសាលាដំបូងខេត្ត​ព្រះសីហនុ​ តាមបញ្ជាអាជ្ញាធរខេត្ត ដោយមានបណ្ដឹងពីខាងក្រុមហ៊ុន​ អ្នក​ឧកញ៉ា​ លី​ យុងផាត់​ ។

លោកស្រី​ ខាត់​ គឹម​លាង​ បានអោយដឹងថា​ ដីលោកស្រី​ ទិញពី​លោក​ អ៊ឹម​ វលក្ខណ៍​ ​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រះសីហនុ​ តាំងពី​ឆ្នាំ​ ២០០៧​ មកម្ល៉េះ​ ដោយមានអាជ្ញាធរ​ភូមិ​ ឃុំ​ បញ្ជាក់​ត្រឹមត្រូវ​ និងមានមេធាវីប្រថាប់ត្រាដឹងលឺទៀតផង​ ។ បន្ទាប់​ពី​ទិញដី​ ២​ហិកតា​ នេះ​រួចមកលោកស្រី​បានដាំដើមមៀនចំនួន​ ១៥០​ ដើម​ និងបានសង់ផ្ទះឈើតូចចំនួន​ ២​ នៅលើដីនោះ​ ។ ឥឡូវ​នេះបែរជាខាងក្រុមហ៊ុន​ ឧកញ៉ា​ លី​ យុងផាត់​ ប្ដឹងចាប់គាត់ដាក់គុក គឺជារឿងអយុត្តិធម៌ណាស់​ ។ ខាងក្រុមហ៊ុនឧកញ៉ា​ លី​ យុងផាត់​ បានឈូសឆាយដើមមៀនទាំង​ ១៥០​ ដើមចោលអស់ថែមទៀត​ ។

លោកស្រី​ បានឲ្យដឹងថា​ ទោះបីលោកស្រីយកឯកសារត្រឹមត្រូវបង្ហាញសមត្ថកិច្ច​ និង​ តុលាការ​ យ៉ាងណា​ក៏​ដោយ ​ក៏​សមត្ថកិច្ច​ និង​ តុលាការ​ មិនយកភ្នែកមើលដែរ ​គឺដឹងតែ​អនុវត្ត​តាម​ពាក្យបណ្ដឹង​របស់តំណាងក្រុមហ៊ុន​ឧកញ៉ា​ លី​ យុងផាត់​ យកលោកស្រីម្ចាស់ដីស្របច្បាប់ដាក់គុកតែម្ដង​ ៕

អត្ថបទដែលជាប់ទាក់ទង