ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់មុខសញ្ញា ទទួលផលចោរកម្ម ទិញបង្កាន់ដៃអាងស្តុបទឹក

73

ត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៨នេះ បានឲ្យដឹងថា បង្កាន់ដៃអាងស្តុបទឹក (ទន្លេសិប្បនិមិត្ត) នៅទីរួមខេត្តត្បូងឃ្មុំ ជាសម្បត្តិរដ្ឋ ដែលត្រូវជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពលួចកាត់ កាលពីកំឡុងខែតុលានោះ ពេលនេះត្រូវនគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវរកឃើញនិងឃាត់ខ្លួន មុខសញ្ញាអ្នកទទួលផលចោរកម្ម បញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោងប្រហែល ១២ កម្លាំងប្រជាការពារបានផ្ដល់ព័ត៌មាន មកកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំថា ៖ នៅគេហដ្ឋានរបស់ឈ្មោះ វន ចន្ធី ហៅ ធី ភេទប្រុស អាយុ ៤៧ ឆ្នាំ ប្រកបរបរ ទិញអេដចាយ នៅភូមិស្បែកគឺ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានការលួចលាក់ទុកដែកបំពង់ទឹបសំណរប៉ាហាំង ដែលសង្ស័យជាបង្កាន់ដៃអាងស្តុបទឹកតាវ៉ាន់ (ទន្លេសិប្បនិមិត្ត) នៅទីរួមខេត្តត្បូងឃ្មុំ ស្ថិតក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ដែលចោរលួចកាត់កាលពីយប់ថ្ងៃ ២៥ តុលា ២០១៨ កន្លងទៅ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយ កម្លាំងជំនាញព្រហ្មទណ្ឌ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ ជាបន្តបន្ទាប់ ដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងមានការសុំគោលការណ៍ឯកភាពពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូង ដើម្បីចុះឆែកឆេរគេហដ្ឋាន គួរឲ្យសង្ស័យរបស់ឈ្មោះ វន ចន្ធី ហៅ ធី ភេទប្រុស នៅចំណុចខាងលើ ។

ខណៈពេលសមត្ថកិច្ចយើងបានចុះត្រួតពិនិត្យ ឆែកឆេររកឃើញមានលាក់ទុក បង្គោលបង្កាន់ដៃអាងស្តុបទឹកតាវ៉ាន់ ដែលមានបង្គោលបង្កាន់ដៃ សរុបទាំងអស់ចំនួន ១១៣ បង្កោល ក្នុងនោះ ដែកបំពង់ទឹបសំណរប៉ាហាំង (galvanized) បង្កាន់ដៃមានចំនួន ៨៤ នឹងដែកបង្កោលជើងអក្ស H សំណរប៉ាហាំង(galvannized)ចំនួន ២៩ជើង (សរុបប្រវែងជាង១០០ម៉ែត្រ) ហើយកម្លាំងយើងបានឃាត់ខ្លួនឈ្មោះ វន ចន្ធី ហៅ ធី រួមទាំងវត្ថុតាងយកមកសាងសំណុំរឿង ចប់សព្វគ្រប់ តាមនីតិវិធី រួចបញ្ជូនទៅអយ្យការអមសាលាដំបូង ខេត្តត្បូងឃ្មុំ ។ រីឯវត្ថុតាងបង្គោលបង្កាន់ដៃ សរុបទាំងអស់ចំនួន ១១៣បង្កោល ប្រវែងប្រហែលជាង១០០ម៉ែត្រ ត្រូវបានប្រគល់ជូនលោក ធី ស្រស់ ភេទប្រុស អាយុ ៣២ឆ្នាំ ជាបុក្គលិករដ្ឋបាលតំណាងឲ្យក្រុមហ៊ុនលីឈួង ឲ្យរក្សាទុកគ្រប់គ្រងបណ្ដោះអាសន្ន និង ប្រគល់ជូនស្ថាប័ន មានសមត្ថកិច្ចវិញ ពេលមានសំណូមពរ ។

គួររំលឹកថា បង្កាន់ដៃអាងស្តុបទឹក (ទន្លេសិប្បនិមិត្ត) នៅទីរួមខេត្តត្បូងឃ្មុំ ត្រូវជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ ធ្វើសកម្មភាពលួចកាត់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ ប្រវែងប្រមាណជាង ១០០ម៉ែត្រ បន្ទាប់ពីប្រជាពលរដ្ឋ ប្រទះឃើញរបងបង្កាន់ដៃដែកនេះបាត់ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ រួចរាយការណ៍សមត្ថកិច្ចនគរបាលយើង ។ ហើយនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូឃ្មុំ បានបើកកិច្ចប្រតិបត្តការ ស្រាវជ្រាវមុខសញ្ញាសង្ស័យ ដែលប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិរដ្ឋនេះ រហូតដល់ថ្ងៃនេះ រកឃើញនូវមុខសញ្ញា អ្នកទទួលផលចោរកម្មតែម្តង ៕

អត្ថបទដែលជាប់ទាក់ទង