ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រត់រួច២នាក់ ខណៈឆក់កាបូបនិស្សិតស្រី មិនបានសម្រេចជិះម៉ូតូដួល

53

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ូលីសធ្វើការឃាត់ខ្លួន​ ខណៈធ្វើសកម្មភាព ឆក់កាបូបពីនារីម្នាក់មិនបានសម្រេច។​

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១០និង០០នាទីព្រឹក ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវសហព័ន្ធរុស្សី សង្កាតទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ជនសង្ស័យឈ្មោះ ណុប សាមុត អាយុ​១៧ឆ្នាំ មុខរបរ​មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ម្តុំទឹកថ្លា ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។​ ចំណែកនារីរងគ្រោះឈ្មោះ ខន ស្រីលីន អាយុ​១៨ឆ្នាំ​ មុខរបរ​ និស្សិត ស្នាក់នៅភូមិតាសេក សង្កាត់កំបូល ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

បើតាមនារីរងគ្រោះបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ​ នាងបានជិះម៉ូតូ​ មួយគ្រឿង​ ម៉ាក ស៊ុយហ្សូគី និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DG-6911​ ចេញពីផ្ទះក្នុងគោលបំណងទៅរៀន នៅសកលវិទ្យាល័យ មួយកន្លែងនៅម្តុំវត្តភ្នំ ដោយព្យួរកាបូបទុកនៅមុខម៉ូតូ។ខណៈពេលដែលនាងជិះមកដល់ចំណុចកើតហេតុ​ ក៏ស្រាប់តែមានជនសង្ស័យ​៣នាក់​ ជិះម៉ូតូ​៣គ្រឿង​ មួយគ្រឿងម៉ាក ស៊ុយហ្សូគី និច ពណ៌ស មិនចាំស្លាកលេខ, ម៉ូតូ​ មួយគ្រឿងទៀតម៉ាក ហុងដា Beat ពណ៌ក្រហម មិនចាំស្លាកលេខ។ ចំណែកឯម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពឆក់ ម៉ាក ហុងដា ឌ្រីមសេ១២៥ ស៊េរី២០១៨ ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះមកពីក្រោយបានធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួន។ ភ្លាមៗនោះស្ត្រីរងគ្រោះបានជិះម៉ូតូដេញតាមពីក្រោយ ហើយបានស្រែកថាចោរៗ ស្របពេលនោះ ក៏មានកម្លាំងនគរបាលប៉ុស្តិ៍ កំពុងល្បាត់ជិះដេញតាមរហូត មកដល់ខាងមុខសង្កាត់ទឹកល្អក់១ ជនសង្ស័យភ័យ ក៏ជ្រុលទៅបុកម៉ូតូប្រជាពលរដ្ឋ ដួលឃាត់ខ្លួនភ្លាមៗ ចំណែកជនសង្ស័យ​ ២នាក់ទៀតបានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍ទឹកល្អក់១ យកមកសួរនាំ ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង