ពិនិត្យវឌ្ឍនភាពនៃការលក់លេខ ចុះបញ្ជីយានយន្ត ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងរថយន្តធុនស្រាល
លោកស្រី កុយ សុដានី អនុរដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្តគ្រួសារ និងរថយន្តធុនស្រាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពនៃការ លក់លេខចុះបញ្ជីយានយន្ត របស់គណៈកម្មការអន្តរក្រសួង ដើម្បីគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត និងរថយន្តធុនស្រាល ដោយមានការចូលរួមពីសមាជិកសមាជិកាគណកម្មកាអន្តរក្រសួង និងមន្ត្រីជំនាញនាយកដ្ឋានពាក់ព័ន្ធ កាលពីថ្ងៃព្រហស្បតិ៍ទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។
កិច្ចប្រជុំនេះផ្តោតជាសំខាន់លើពង្រាងអនុក្រឹត្យ ស្តីពីការចុះបញ្ជីផ្តល់ប័ណ្ណសម្គាល់យានជំនិះ និង បំពាក់ផ្លាកលេខសម្គាល់យានយន្ត ដើម្បីកែសម្រួលខ្លឹមសារ ក៏ដូចជាត្រៀមរៀបចំបទដ្ឋាននីតិវិធី សម្រាប់ការលក់និងផ្ទេរលេខពិសេសផ្ទាល់ខ្លួន ដែលអនុក្រឹត្យនេះអនុញ្ញាត ឱ្យម្ចាស់យានយន្តរក្សាទុកលេខពិសេសផ្ទាល់របស់ខ្លួន ក្រោយពេលលក់រថយន្តរបស់ខ្លួនចេញ និងអាចប្រើលេខនោះសម្រាប់ មួយទៀតបាន។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រីកុយ សុដានី បានគូសបញ្ជាក់ថា៖ ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ លើការពង្រឹងបច្ចេកវិទ្យាព័ត៌មាន ដើម្បីធានាបាននូវសុវត្ថិភាពទិន្នន័យ បង្កភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជា ងាយស្រួលលើការងារគ្រប់គ្រងយានជំនិះគ្រប់ប្រភេទ ធានាឱ្យការ ចុះបញ្ជីផ្តល់ប័ណ្ណ និងបំពាក់ផ្លាកលេខ សម្គាល់យានជំនិះ បានឆាប់រហ័ស និងរួមចំណែកដល់ការ ប្រមូលប្រាក់ចំណូលជាតិ និងកម្រៃផ្សេងៗ មានប្រសិទ្ធភាពខ្ពស់ផងដែរ៕