គ្រាប់មីនបង្កប់ក្រោមដី បានបង្កឲ្យបុរសម្នាក់ ដាច់ជើងទាំងសងខាង ក្នុងពេលរុករានដីព្រៃធ្វើចម្ការនៅស្រុកសំឡូត
បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា បុរសជាអ្នកចំការម្នាក់ ឈ្មោះឡាយ គឹមហ៊ាង អាយុ២៧ឆ្នាំ រស់នៅភូមិឆករការ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង បានរងរបួសយ៉ាងធ្ងន់ធ្ងរ ដាច់ជើងទាំងសងខាង ក្នុងខណ:ដែលបុរសរូបនេះ កំពុងកាន់ព្រៃក្នុងដីចំការរបស់ខ្លួន ដើម្បីបង្កបង្កើនផល កាលពីរសៀលថ្ងៃទី១៣ ខែ ធ្នូ ឆ្នាំ២០១៨ នៅចំណុចដីព្រៃស្ថិតនៅភូមិឆករការ ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង។
លោកអធិការនគរបាលស្រុកសំឡូត វរសេនីយ៍ឯក កោ ស៊ុនកាំង បានឲ្យដឹងថា ចំណុចដែលកើតឧប្បត្តិហេតុដ៏រន្ធត់នេះ ស្ថិតនៅក្បែរតំបន់ព្រំដែនច្រក៤០០ ដែលពីមុនចំណុចនេះ គឺជាសមរភូមិប្រយុទ្ធដ៏ក្តៅគគុកមួយ ក្នុងទឹកដីស្រុកសំឡូត ហើយរហូតមកដល់ពេលនេះ តំបន់ខ្លះ នៅបន្សល់ទុកគ្រាប់មីន ប្រឆាំងមនុស្ស ឬប្រឆាំងរថក្រោះ នៅសេសសល់រាយប៉ាយនៅឡើយដែលបញ្ហាខាងលើ អាចបង្ករគ្រោះថ្នាក់ បានគ្រប់ពេល ចំពោះមនុស្ស សត្វពាហនៈ ដែលចេញចូល ឬឆ្លងកាត់ទីនោះ។ លោកអធិការ បានបញ្ជាក់បន្ថែមថា គ្រប់វិធានការផ្សព្វផ្សាយ អប់រំ ដែលធ្វើឡើង តាមរយៈវេទិការសាធរណៈ ក្នុងមូលដ្ឋាន មន្ត្រីនគរបាលតែងតែ ភ្ជាប់បញ្ហាផលប៉ះពាល់ ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះទាំងនេះ ប៉ុន្តែជារឿយៗ ផលវិបាកនៅតែកើតមាន ចំពោះប្រជាពលរដ្ឋ ដែលព្យាយាមកាប់រុករានដីព្រៃ ដោយប្រថុយប្រថាន ។ ជនរងគ្រោះខាងលើ ត្រូវបានដឹកយកទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ឲ្យរួចផុតជីវិត ប៉ុន្តែជើងទាំងសងខាងត្រូវបានបាត់បង់ ។
ជាចុងក្រោយ លោកអធិការ បានសំណូមពរដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកសំឡូត ទាំងមូល សូមមេត្តាប្រុងប្រយ័ត្ន ជាប់ជាប្រចាំ ចំពោះបញ្ហាគ្រោះថ្នាក់ ដោយសារយុទ្ធភណ្ឌសំណល់ពីសង្រ្គាមនេះ៕