នគរបាលកម្ពុជានិងវៀតណាម រួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ នៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានបន្តបង្កើនកិច្ចសហការ លើកកម្ពស់ប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសគឺបទល្មើសគ្រឿងញៀន រត់ពន្ធមនុស្ស ជួញដូរមនុស្ស និងសកម្មក្នុងការទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ។
នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម បានបើកកិច្ចប្រជុំពិភាក្សាការងារ និងផ្លាសប្ដូរបទពិសោធន៍ ដែលដឹកនាំដោយលោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ឧត្តមសេនីយ៍ទោ ហ្វាង ស៊ុនជៀន មេបញ្ជាការកងទ័ពការពារព្រំដែនវៀតណាម នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ ។
ក្នុងកិច្ចប្រជុំនេះភាគីទាំងពីរបានលើកឡើងពីកិច្ចរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ បង្កលក្ខណៈ ដល់សកម្មភាពចរាចរណ៍ ឆ្លងកាត់បណ្ដាច្រកទ្វារព្រំដែនអន្តរជាតិ ជំរុញការរីកចម្រើនសេដ្ឋកិច្ចសង្គម ការបង្កើនសាមគ្គីភាព មិត្តភាព និងការយគយល់ រវាងប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ។ ដើម្បីឲ្យការសហការមានប្រសិទ្ធភាព ភាគីទាំងពីរបាន បង្កើនការផ្លាស់ប្ដូរព័ត៌មាន សភាពការណ៍ ដែលពាក់ព័ន្ធដល់ការចេញ-ចូលឆ្លងដែន ការនាំចេញ-ចូល សកម្មភាពបទល្មើសគ្រប់ប្រភេទ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ សំដៅមានវិធានការ សហការ ដោះស្រាយទាន់ពេលវេលា និងបន្តសហការ ដឹកនាំលើកកម្ពស់ប្រសិទ្ធភាព ការងារគ្រប់គ្រងច្រកទ្វារព្រំដែន ការត្រួតពិនិត្យសកម្មភាពចេញ-ចូលឆ្លងដែន ការនាំចេញ-នាំចូល ដោយសម្របសម្រួលបណ្ដាបែបបទរដ្ឋបាល ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សកម្មភាពចរាចរឆ្លងកាត់ព្រំដែន រួមចំណែកជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម របស់ប្រទេសនីមួយៗ សហការ ដោះស្រាយទាន់ពេលវេលា ។
ភាគីទាំងពីរ បន្តបង្កើនកិច្ចសហការលើកកម្ពស់ប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងបទល្មើស ជាពិសេសគឺបទល្មើសគ្រឿងញៀន រត់ពន្ធមនុស្ស ជួញដូរមនុស្ស និងសកម្មក្នុងការទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់នៅតំបន់ច្រកទ្វារ ព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ ជាពិសេសបំផុស ឲ្យប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការចេញ-ចូលឆ្លងដែនខុសច្បាប់ ប្រឆាំងបទល្មើស អំពើរត់ពន្ធឆ្លងកាត់ព្រំដែន កសាងទំនាក់ទំនងសាមគ្កីភាព មិត្តភាពប្រទេសទាំងពីរ ។
ថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរ នឹងផ្លាស់ប្ដូរគណៈប្រតិភូ ធ្វើទស្សនកិច្ចផ្លាស់ប្ដូរ បទពិសោធន៍ រវាងគ្នាទៅវិញទីមក និងចង្អុលដឹកនាំអង្គភាពក្រោមឱវាទ ចាត់តាំងការជួបប្រាស្រ័យ ពិគ្រោះពិភាក្សាការងារ ផ្លាស់ប្ដូរវប្បធ៌ម កីឡារវាងបណ្ដាប៉ុស្តិ៍ព្រំដែន និងច្រកទ្វារព្រំដែនអន្តរជាតិ នៃប្រទេសទាំងពីរ និងឯកភាព បន្តបើកវគ្គបណ្ដុះបណ្ដាល ហ្វឺកហាត់ជំនាញច្រកទ្វារ លើកកម្ពស់សមត្ថភាព ជំនាញរបស់មន្ត្រី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងបន្តរៀបចំកិច្ចប្រជុំនេះ នៅឆ្នាំ២០១៩ និងឆ្នាំបន្តបន្ទាប់ទៀតផងដែរ ៕