ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន កូនប្រុសតិរច្ឆាន យកដំបងវាយម្តាយ

72

កណ្តាល ៖ នគរបាលស្រុកស្អាង បានឲ្យដឹងថា កូនប្រុសចិត្តអប្រិយ៍ វ៉ៃម្តាយខ្លួនឯង ឥឡូវត្រូវជាប់ខ្នោះ។ ករណីហិង្សាក្នុងគ្រួសារនេះ កើតហេតុនៅថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩ នៅចំនុចភូមិស្វាយជួរ​ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះជាម្តាយ ឈ្មោះគួយ វ៉ាន់ ភេទស្រី អាយុ ៤០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យ ឈ្មោះយុន វិច្ឆ័យ ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មានមុខរបរមិនពិតប្រាកដ ត្រូវឃាត់ខ្លួន មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ត្រូវជាកូនបង្កើតជនរងគ្រោះ ។

នគរបាលស្រុកស្អាង បានបន្ថែមថា នៅថ្ងៃទី១៥ធ្នូ២០១៨ វេលាម៉ោង៩ ឈ្មោះយុន វិច្ឆ័យ កំពុងដេកមើលទូរទស្សន៍ក្នុងផ្ទះ ក៏បានឮសូរម្ដាយវាជេរប្អូនរបស់ខ្លួន ឈ្មោះយុន ភ័ត្ដ្រា ហើយក៏ចេញមកមើលឃើញដូច្នេះ ឈ្មោះ យុន វិច្ឆ័យ ស្ទុះមករុញម្ដាយរបស់ខ្លួន ខ្ទប់នឹងជញ្ជាំងផ្ទះ រួចដាល់១ដៃចំមាត់ ធាក់១ជើង រួចក៏យកដំបងឈើមូលទៅវាយទូរទស្សន៍ ឲ្យបែកខូចខាតមួយចំនួនធំ ពេលនោះឈ្មោះគួយ វ៉ាន់ បានស្រែកឲ្យគេជួយ ឃើញដូច្នេះទើបឈ្មោះយុន វិច្ឆ័យ គេចខ្លួនពីផ្ទះ។ ចំណែកឈ្មោះគួយ វ៉ាន់ ជាម្ដាយ ក៏មកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍រដ្ឋបាលកោះខែល ឲ្យជួយអន្ដរាគមន៍។ ភ្លាមនោះប៉ុស្ដិ៍រដ្ឋបាល ក៏បានឃាត់ខ្លួនបានឈ្មោះយុន វិច្ឆ័យ រួមនឹងវត្ថុតាងបញ្ជូនមកប៉ុស្ដិ៍ធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្តតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង