កីឡាករ សំបូរ សុភ័ណ្ឌ បានមេដាយមាស ប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក
បាងកក៖ អគ្គនាយកដ្ឋានកីឡា បានប្រកាសថា កីឡាករ សំបូរ សុភ័ណ្ឌ ដែលទទួលបានមេដាយមាស ក្នុងការប្រកួតកីឡាកាយវប្បកម្ម ជើងឯកពិភពលោក ឆ្នាំ២០១៨ ។
នៅមុននេះបន្តិច នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨ បើយោងតាមហ្វេសប៊ុករបស់ “អគ្គនាយកដ្ឋានកីឡា” បានបង្ហោះសារ និងរូបប៉ុន្មានសន្លឹក ពិតជាមានក្តីរំភើបរីករាយជាខ្លាំងចំពោះកីឡាករកម្ពុជាមួយរូបដែលទើបទទួលបានមេដាយមាស។ ហ្វេសប៊ុកនេះបានបញ្ជាក់ថា៖ “សូមអបអរសាទរ ជូនដល់កីឡាករ សំបូរ សុភ័ណ្ឌ ដែលទទួលបានមេដាយមាសក្នុងការប្រកួតកីឡាកាយវប្បកម្មជើងឯកពិភពលោក ឆ្នាំ២០១៨ ។”
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណ បានប្រកាសផងដែរថា អបអរសាទរកីឡាករ សំបូរ សុភ័ណ្ឌ វិញ្ញាសារ Men Sports Physique Up to 170 cm – 102 ស្លាកលេខ 384 ទទួលបានមេដាយមាស ក្នុងវគ្គផ្តាច់ព្រ័ត្រហើយ ។
កម្ពុជា បានបញ្ជូនកីឡាករចំនួន ៥រូបទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ខាងលើនេះ ហើយជាលទ្ធផលដ៏អស្ចារ្យ គឺកីឡាករទាំង ៥រូប សុទ្ធតែជាប់ជម្រើស ៥នាក់វគ្គផ្ដាច់ព្រ័ត្រ ក្នុងវិញ្ញាសាផ្សេងគ្នា។ ទោះបែបនេះក្ដី ក្នុងចំណោមនោះ ទើបមានកីឡាករ សំបូរ សោភ័ណ ដែលធ្វើបានល្អ ដណ្ដើមបានមេដាយមាស ដោយត្រូវគេបង្ហាញទង់ជាតិ និងគោរពចម្រៀងជាតិខ្មែរផងដែរ។
កីឡាករទាំង ៥រូប រួមមាន ៖ ១-កីឡាករ សំបូរ នន់ វិញ្ញាសារ Men Bodybuilding Up To 80kg ២-កីឡាករ ត្រឹង ចាន់ វិញ្ញាសារ Men Sports Physique Up to 175 cm -100 ៣-កីឡាករ សំបូរ សុភ័ណ្ឌ វិញ្ញាសារ Men Sports Physique Up to 170 cm-102 ៤. កីឡាករ សំបូរ ណាន វិញ្ញាសារ Men Athletic Physique Up to 175 cm (+6 kg) ៥. កីឡាករ ណុំ សុបិន្ត វិញ្ញាសារ Men Athletic Physique Up To 167 cm (+4 kg) ស្លាកលេខ 271
គួរបញ្ជាក់ថា កម្មវិធីប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោកលើកទី១០ និងសមាជប្រចាំឆ្នាំ២០១៨ នេះធ្វើឡើងនៅទីក្រុងឈៀងម៉ៃ ព្រះរាជាណាចក្រថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ឆ្នាំ២០១៨ ដែលមានកីឡាករ កីឡាការិនី ចូលរួមប្រកួតចំនួន ៣៣៥ នាក់ មកពី ៥១ ប្រទេស មាន ៥១ វិញ្ញាសា និងចៅក្រម ៥១ នាក់។
កីឡាករ ត្រឹង ចាន់ វិញ្ញាសារ Men Sports Physique Up to 175 cm – 100 ស្លាកលេខ 387 ជាប់ចំណាត់ថ្នាក់លេខ៥ មិនទទួលបានមេដាយទេ ឆ្នាំក្រោយៗទៀត សង្ឃឹមថានឹងបានលទ្ធផលល្អជាងនេះ។
កីឡាករ សំបូរ នន់ ប្រកួតវិញ្ញាសារ Men Bodybuilding Up To 80kg ស្លាកលេខ 132 ទទួលបានចំណាត់ថ្នាក់លេខ៤ មិនទទួលបានមេដាយទេ៕