ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ព័ន្ធយុវជនមុស្លិមកម្ពុជា សាខាខេត្តកំពង់ចាម រៀបចំពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន បងប្អូនសាសនិក ជាង១០០០នាក់

229

 

កំពង់ចាម៖ សម្ព័ន្ធយុវជនមុស្លិមកម្ពុជា (សយមក) សាខាខេត្តកំពង់ចាម ដឹកនាំដោយលោក ស្លេះ ពុនយ៉ាមីន ជាប្រធានសាខេត្ត រៀបចំពិធីទទួលទានអាហារស្រាយបួសរ៉ាម៉ាឌន ដែលមានការអញ្ជើញជាគណៈអធិបតីពីសំណាក់ លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមប្រឹក្សាភិបាល ស.យ.ម.ក និង លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ។ ពិធីនេះរៀបចំឡើង កាលពីរាត្រីថ្ងៃសៅរ៏ ១១រោច ខែជេស្ន ឆ្នាំចសំរិទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៩ មិថុនា ឆ្នាំ២០១៨ នៅបរិវេណព្រះវិហារឥស្លាមចាមៀកក្រុងកំពង់ចាម ដែលបានអញ្ជើញចូលរួម ពីលោក ណាសៀត អូស្មាន ប្រធានសម្ព័ន្ធយុវជនមុស្លិមកម្ពុជា ក៏ដូចជា យុវជន មហាជន ក្នុងខេត្ត និងតំបន់ជុំវិញ ប្រមាណ១២០០ នាក់ ។

លោក គួច ចំរើន បានថ្លែងការកោតសរសើរ ដល់សម្ព័ន្ធយុវជនមុស្លិមកម្ពុជា ដែលកំពុងមានសកម្មភាពផលផុស នៅស្ទើរគ្រប់សាខាទូទាំងប្រទេស សម្រេចបានការបង្រួបបង្រួមកម្លាំងយុវជនខ្មែរឥស្លាម អោយមានឆន្ទៈចូលរួមក្នុងកិច្ចការងារសង្គម ក៏ដូចជាការសហការធ្វើកិច្ចការងារនេះ បានល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីអភិវឌ្ឍន៍សហគមន៍ ឲ្យទទួលបានការរីកចម្រើន ។
លោក គួច ចំរើន បានបន្ដថា៖ ក្នុងនាមអជ្ញាធរខេត្ត សូមបង្ហាញសុទិដ្ឋិនិយម ចំពោះសេវារដ្ឋបាលសាធារណៈផ្សេងៗរបស់ខេត្ត ដែលបាននិងកំពុងតែចូលរួមសម្រេចបានជាផ្លែផ្ការជាច្រើន សំដៅការដោះស្រាយកង្វល់ផ្សេងៗរបស់សហគមន៍ ដោយមិនមានការរើសអើង ពីជាតិសាសន៍ និង សាសនាអ្វីឡើយ។

លោក អូស្មាន ហាស្សាន់ លើកឡើងថា៖ ពិធីទទួលទានអាហារស្រាយបួស គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធ ផលនានា របស់សហគមន៍ឥស្លាម ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាផ្តល់ជូន ដែលពិធីបែបសាសនាមួយនេះផ្ទាល់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំអោយទៅជាកម្មវិធីថ្នាក់ជាតិ ជារៀងរាល់រាល់ឆ្នាំ នៅរាជធានីភ្នំពេញ ដែលមានការចូលរួមពីមហាជន រាប់ពាន់នាក់រៀងរាល់ឆ្នាំ ។ សម្រាប់ឆ្នាំ ២០១៨នេះគឺជាលើកទី៥ ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានរៀបចំ ហើយសម្តេចទាំងទ្វេបានផ្តល់កិត្តយសដ៏ខ្ពង់ខ្ពស់ អញ្ជើញចូលរួម កាលពីថ្ងៃទី ២៩ ឧសភា ២០១៨ ដែលមានអ្នកចូលរួមជិត៥០០០នាក់ ហើយត្រូវបានសហគមន៍ជាតិ និង អន្តរជាតិបានកោតសរសើរពីការដឹកនាំដ៏ល្អរបស់ប្រមុខដឹកនាំកម្ពុជា។ នៅសល់ប្រមាណ មួយសប្តាហ៍ទៀតវពិធីបួសរ៉ាម៉ាឌន នឹងត្រូវបង្គ្រប់មួយខែហើយក៏នឹងមានពិធីបុណ្យបញ្ចប់បួសរ៉ម៉ាឌន ( Eid Fitri)សម្រាប់អ្នកកាន់សាសនាឥស្លាមទូទាំងសកល លោក ។
លោក អូស្មាន ហាស្សាន់ ក្នុងនាមសហគមន៍ខ្មែរឥស្លាម បានគោរពជូនពរដល់ថ្នាក់ដឹកនាំ និងជនរួមជាតិទាំងអស់ សូមទទួលបាននូវប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល និងសុខភាពល្អបរិបូរណ៍ សប្បាយរុងរឿង ចម្រុងចម្រើន កុំបីខាន ។
លោកបន្ដថា៖ ដើម្បីបន្តរក្សាសន្តិភាព ជាពិសេសធានាដល់ការអភិវឌ្ឍឲ្យមានការរីកចម្រើនឥតឈប់ឈរ សូមប្រជា ពលរដ្ឋទាំងអស់ ទៅចូលរួមការបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី២០ ដែលនឹង មកដល់នាថ្ងៃ២៩ ខែកក្កដា ឆ្នាំ២០១៨ ខាង មុខនេះ ដើម្បីបន្តឲ្យសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឋមន្រ្តី ក្នុងការដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយ វិបុលភាព សុខសន្ដិភាព និងវឌ្ឍនភាព ៕

អត្ថបទដែលជាប់ទាក់ទង