បើកការដ្ឋានស្ថាបនាផ្លូវបេតុងថ្មីមួយខ្សែ និងដាក់ប្រព័ន្ធលូមួយខ្សែ ក្នុងសង្កាត់ក្រាំងពង្រ
ភ្នំពេញ៖នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បើកការដ្ឋានស្ថាបនាផ្លូវបេតុង០១ខ្សែ ប្រវែង ៣៩៥ម៉ែត្រ ទទឹង០៤ម៉ែត្រ និងដាក់ប្រព័ន្ធលូ ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ។
ក្នុងុពិធីនោះលោកអភិបាល បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរពីការលំបាក បញ្ហា និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន។ លោកអភិបាលក៏បានលើកឡើងអំពីការអភិវឌ្ឍន៍រីកចម្រើនឥតឈប់ឈរ របស់ប្រទេសជាតិពីមួយថ្ងៃទៅមួយថ្ង្ងៃក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់បញ្ហាលំបាកនានា ឲ្យក្លាយជាប្រទេសមានការរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារ ក្រោមដំបូលសន្តិភាព។
មន្ត្រីរដ្ឋបាលខណ្ឌដង្កោបានឱ្យដឹងថា៖ផ្លូវបេតុង និងប្រព័ន្ធលូថ្មី ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ឆ្នាំ២០១៨ ដែលផ្លូវបេតុងមានប្រវែង ៣៩៥ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិទឹកថ្លា និង ប្រព័ន្ធលូ ០១ខ្សែ ប្រវែង ៤០០ម៉ែត្រ មុខកាត់ ០,៦ម៉ែត្រ ស្ថិតក្នុងភូមិព្រៃសំព័រ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងបញ្ជៀសការលិចលង់ និងមានសោភណ្ឌភាពក្នុងការរស់នៅផងដែរ។
លោកនុត ពុធដារ៉ា បានលើកឡើងទៀតថា៖បច្ចុប្បន្នយើងឃើញថា នៅក្នុងមូលដ្ឋានខណ្ឌដង្កោទាំងមូល ភាគច្រើន គឹជាផ្លូវបេតុង ដែលអាជ្ញាធរខិតខំស្ថាបនា សម្រាប់បំរើផលប្រយោជន៍ជូនប្រជាពលរដ្ឋទូទៅ ។ ទន្ទឹមនិងនេះ ពលរដ្ឋរស់ នៅក្នុងខណ្ឌដង្កោ ក៍មានជីវភាពល្អប្រសើរផងដែរ ទាំងនេះក៍ ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញបរិបូរ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលក៍បានសំណូមពរ ប្រជាពលរដ្ឋ ទាំងអស់ សូមទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នាពេលខាងមុខនេះ ។
ក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋ បានធ្វើការថ្លែងអំណរ
គុណដល់អជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលតែងគិតគូរដល់ការលំបាករបស់ពួកគាត់ និងបានប្តេជ្ញាគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិបន្តបន្ទាប់ទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិឆ្ពោះទៅកាន់ភាពរីកចម្រើនសម្បូរសប្បាយ តទៅមុខទៀត៕