ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សំណង់វិមានឈ្នះឈ្នះ ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វ បុរសខ្មែរ

93


ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការ អន្តរក្រសួង ធ្វើសន្និសីទសារព័ត៌មាន ក្រោយដឹកនាំក្រុមការងារចុះពិនិត្យការសាងសង់វិមាន ឈ្នះឈ្នះ។ នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨នេះ ដែលកម្មវិធីនេះ នៅសល់តែ១២ថ្ងៃទៀត នឹងត្រូវប្រារព្ធពិធីសម្ពោធជាផ្លូវការ។

សម្ដេចពិជ័យសេនា បានថ្លែងថា សំណង់វិមានឈ្នះ ឈ្នះ នេះបានចាប់ ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ក្នុងទំហំដី៨ ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។​ វិមាននេះ តំណាងឲ្យវីរភាពរបស់សមមិត្ត ហ៊ុន សែន ដែលហ៊ានប្រថុយជីវិត ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីស្នើសុំកម្លាំងភាគីវៀតណាម ជួយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ មួយវិញទៀត ការសាង សង់វិមាន ឈ្នះ ឈ្នះ នេះ ដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វ បុរសខ្មែរ គ្រប់សម័យកាលដែល បានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ហើយរួមទាំងជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក និងក៏ចាត់ទុក ជាកេរមរតកសម្រាប់កូនចៅជំ នាន់ក្រោយផងដែរ។

សម្ដេចពិជ័យសេនា បានពិនិត្យលើការងារគ្រប់ផ្នែក ដែលត្រូវជំរុញឲ្យការប្រារព្ធពិធីដំណើរ ទៅបានរលូន ទាំងផ្នែកអាងទឹក រូបចម្លាក់ សំណង់ជាដើម ព្រោះការប្រារព្ធពិធីកាន់តែគៀកថ្ងៃហើយ ដូច្នេះបើទោះបីជាមមាញឹកយ៉ាងណា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏ឆ្លៀតចុះទៅតាមដាន និងសិក្សាហេដ្ឋារចនាសម្ព័ន្ធទាំងខាងក្រៅ ខាងក្នុង ដែលប្រមូលផ្ដុំផ្ដោតទៅលើខ្លឹមសារសំខាន់ៗ ដែលត្រូវបង្ហាញ និងបញ្ជាក់ជូនសាធារណជន នៅក្នុងឱកាសប្រារព្ធ ពិធី អបអរសាទរខួបលើកទី២០ នៃនយោបាយឈ្នះឈ្នះ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ទៅកាន់ក្រុមការងារបច្ចេកទេសថា ដើម្បីពន្លឿនការងារឲ្យរួចរាល់តាមពេលកំណត់ គឺក្រុមការងារនឹងត្រូវធ្វើការទាំងថ្ងៃទាំងយប់ឲ្យបានរួចរាល់តាមការកំណត់ ជាពិសេសសកម្មភាព​ការ​ងារ​ទៅ​តាម​ផ្នែក​នីមួយៗ​យ៉ាង​ល្អិត​ល្អន់ ​ដូច​ជា​ការ​រៀប​ចំ​ផែន​ឈរ ​រៀប​ចំ​ស្តង់​តាំង​ពិព័រណ៍​ទំនិញ​ផ្សេង​ៗ ​ការ​រៀប​ចំ​បាញ់​កាំ​ជ្រួច​ ព្រ​មទាំង​បាន​ឆ្លង​ ស្ពត​សំរាប់​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍ ​ផ្ទាំង​ផ្សព្វ​ផ្សាយ​ផ្សេងៗ ​ដើម្បី​អោយ​មហាជន ​បាន​មក​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​ពិធី​សម្ពោធ​នេះ​។​

​សម្ដេច​ពិជ័យ​សេនា​ ទៀ បាញ់ បាន​ចាត់​ទុក​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​​ឈ្នះ-ឈ្នះ​ និង​អបអរ​សាទរ​ខួប២០​ឆ្នាំ នៃ​ទិវានយោបាយ​ឈ្នះឈ្នះនេះ គឺ​ជា​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ ដ៏​ធំ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ ជា​ពិសេស​ការ​រៀប​ចំ​បាញ់​កាំ​ជ្រួច​នៅ​វិមាន​​ឈ្នះ-ឈ្នះ​ នា​យប់​រយៈ​ពេល​​៣​​ថ្ងៃ ឆ្លង​ឆ្នាំ​សាកល​ ក៏​ជា​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​ ​ដ៏ធំ​ដែល​ពុំ​ធ្លាប់​មាន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​។​ សម្ដេច​ពិជ័យ​សេនា​បាន​បញ្ជាក់​ថា​ ការ​សាង​សង់​វិមាន​ឈ្នះឈ្នះ​ ​គឺ​បាន​កសាង​ឡើង​ដោយ​ស្នា​ដៃ​កូន​ខ្មែរ​ទាំង​អស់​។ សម្ដេច​ពិជ័យ​សេនា​បាន​សំណូម​ពរ​ ឱ្យ​អនុគណៈ​កម្មការ​នីមួយ​ៗ​ ត្រូវ​បន្ត​ការ​សហការ​គ្នា​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​រៀប​ចំ​ពិធី​សម្ភោធ​វិមាន​​ឈ្នះឈ្នះ និង​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី២០​ ទិវា​នយោបាយ​ឈ្នះឈ្នះ ប្រព្រឹត្ត​ទៅ​ទទួល​បាន​ជោគ​ជ័យ ​ដើម្បី​អបអរ​សន្តិភាព ​និង​សមិទ្ធផល​ ដែល​ព្រះ​ជា​ណាចក្រ​កម្ពុជា ​យើង​ទទួល​បាន​ក្នុង​រយៈ​ពេល២០​ឆ្នាំ​កន្លង​មក​នេះ ​៕

អត្ថបទដែលជាប់ទាក់ទង