ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អតីតសិស្សបាក់ទូក៖ កម្លាំងចិត្តជាឱសថស័ក្តិសិទ្ធ!

125

ភ្នំពេញ: សាមគ្គីមិត្តភាព បង្កើតចិត្តរមនា ចែករំលែកជួយគ្នា គ្រប់គ្រាលំបាក ជាពាក្យស្លោក​ដែលអតីតសិស្សបាក់ទូក​នាឆ្នាំ១៩៨០-៩០ មួយក្រុមបានបង្កើតឡើង ក្នុងន័យរួមកម្លាំងកាយចិត្ត ចែករំលែក​ធនធានជួយគ្នា គ្រប់គ្រាលំបាក។ ជាក់ស្តែង បន្ទាប់ពីអតីតសិស្សបាក់ទូក មួយក្រុមនេះ បានចងក្រងគ្នា ជាក្រុមរយៈពេល២ឆ្នាំកន្លងមក ពួកគេបានរួមគ្នាចែករំលែក ធនធានសរុប បានជាង១០ម៉ឺនដុល្លារ យកទៅជួយមិត្តជួបការលំបាក ជូនដល់អតីត លោកគ្រូអ្នកគ្រូ និង កសាងសមិទ្ធិផលមួយចំនួន ក្នុងសាលាដែលពួកគេ ធ្លាប់បានរៀនជាមួយគ្នា គឺសាលាបាក់ទូក ជាបន្តបន្ទាប់ជាប់ៗគ្នា ជាហូរហែ។

ជាថ្មីម្តងទៀត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ អតីតសិស្សបាក់ទូក មួយក្រុមខាងលើ បានបង្កើតការភ្ញាក់ផ្អើលមួយ ជាមួយមិត្តចាស់ម្នាក់ ឈ្មោះ ថ្លាង ភីរក្ស ជាអតីតសិស្ស នៃសាលាបាក់ទូកក្នុងឆ្នាំ១៩៨០-៩០ បច្ចុប្បន្នបម្រើការងារ ជាមន្រ្តីប៉ូលីសអន្តោប្រវេសន៍ ដែលមិត្តភក្តិ ក្នុងក្រុមទើបតែរក ការទំនាក់ទំនងបាន ពេលដែលលោកធ្លាក់ខ្លួន មានជម្ងឺជាទម្ងន់ ចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ហៅពេទ្យរ៉ុស្សី)។

ស្ថិតក្នុងស្ថានភាពទ្រុឌទ្រោម ទន់ខ្សោយគ្មានកម្លាំងកំហែង សូម្បីតែងើបពីគ្រែអង្គុយ ក៏មិនបានផងនោះ ស្រាប់តែទទួលព័ត៌មាន ថាមានអតីតមិត្តរួមជំនាន់ ជាមួយគ្នា មកសួរសុខទុក្ខ បែរជាធ្វើឲ្យស្ថានភាព ជម្ងឺលោក ថ្លាង ភីរក្ស ប្រែប្រួលប្រសើរឡើង មិនគួរឲ្យជឿ ដោយលោកស្រាប់តែ មានកម្លាំងរងចាំក្រុមមិត្តសម្លាញ់ ដោយចិត្តអន្ទះសារ និងភាពស្វាហាប់ ដូចគ្មានជម្ងឺជាប់ខ្លួន។ ពេលក្រុមអតីតសិស្សបាក់ទូក ដែលមានលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ជាអ្នកនាំមុខ បានមកដល់មន្ទីរពេទ្យ បរិយាកាសរំភើបក្តុកក្តួលមួយ បានឆួលឡើងលាយឡំដោយទឹកភ្នែក មនោសញ្ចេតនានឹករលឹកគ្នា ក្នុងបន្ទប់អ្នកជម្ងឺនៃមន្ទីរពេទ្យរុស្សី។

ម្នាក់ៗសម្តែងទឹកចិត្តនឹករលឹក និងអាណិតអាសូរមិត្ត ថ្លាង ភីរក្ស បំផុត ឯមិត្ត ថ្លាង ភីរក្ស សម្តែងការសប្បាយចិត្ត ជជែកតបតជាមួយមិត្តចាស់គ្រប់គ្នា ហាក់ដូចពុំមានជម្ងឺជាប់កាយ បង្កើតបានជាបរិយាកាសមួយ ដ៏សប្បាយរីករាយ នេះក៏ព្រោះតែកម្លាំងចិត្ត ដែលលោក ទទួលបានពីមនោសញ្ចេតនា កក់ក្តៅរបស់មិត្តរួមជំនាន់ ដែលហាក់ដូចជា ឱសថស័ក្តិសិទ្ធ មកព្យាបាលជម្ងឺ លោកឲ្យប្រសើរឡើងភ្លាមៗ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ អតីតមិត្តរួមជំនាន់ នៃសាលាបាក់ទូកនាឆ្នាំ១៩៨០-៩០ មួយក្រុមនេះ បានរួមគ្នា បរិច្ចាគធនធានផ្ទាល់ខ្លួន សរុបបានចំនួន 2,150 ដុល្លារ ជូនដល់មិត្ត ថ្លាង ភីរក្ស ទុកជាការជួយសម្រាល បន្ទុកព្យាបាលជម្ងឺ រួមជាមួយ ទឹកក្រូច ទឹកសុទ្ធ ផ្លែឈើ មួយចំនួនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង