ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការ APOPOផ្តល់ថវិកាសម្រាប់គម្រោង​សមាហរណកម្ម​កណ្តុរ​ហិត​មីន ​និងការបោស​សម្អាតមីន តំបន់ចំការមីន ខេត្តសៀមរាប

74


ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) ថ្ងៃទី​១៧​ ខែ​ធ្នូ​ ឆ្នាំ២០១៨​ បានចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ រវាង​CMAC និង​អង្គការ APOPO ​លើ​គម្រោង​សមាហរណកម្ម​កណ្តុរ​ហិត​មីន​និងការបោស​សម្អាតមីន ដែលមានថវិកា​ គាំទ្រ​ចំនួន១៩៧.៧៨៦,៥៩​ដុល្លា​រ​អាមេរិក ។ គម្រោង​នេះ​មានរយ:ពេល១២ខែ​ (ថ្ងៃទី​១​ ខែ​មករា​ ឆ្នាំ២០១៩​ ដល់ថ្ងៃទី​៣១​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​) ​ដោយប្រតិបតិ្តការបោសសំអាតតំបន់ចំការមីន ស្ថិតនៅខេត្តសៀមរាប។

លោក ហេង រតនា បានលើកឡើងថា ស៊ីម៉ាក់ជាអង្គភាពប្រតិបត្តិការដោះមីនរបស់ជាតិ ដែលមានគ្រឿងចក្រគ្រប់គ្រាន់ ប្រកបដោយប្រសិទ្ធភាព ហើយទន្ទឹមនឹងនេះស៊ីម៉ាក់ក៏មានការបោសសំអាតមីនដោយប្រើសុនខ (ឆ្កែ) ផងដែរ។ នៅឆ្នាំ២០១៤ ស៊ីម៉ាក់ជាមួយនឹងអង្គការ APOPO បាននាំយកនូវកណ្តុលហិតមីន មកធ្វើការសាកល្បងដើម្បីធ្វើតេស្ត និងហ្វឹកហ្វឺនគាំទ្រដល់ការបោសសំអាតមីន បន្ថែមលើការងារសុនខហិតមីន។ ដោយឆ្លងកាត់ការហ្វឹកហ្វឺន និងធ្វើតេស្តរយៈពេល២ឆ្នាំ ស៊ីម៉ាក់បានដាក់កណ្តុរនេះ ទៅកាន់ចំការមីនជាក់លាក់ហើយទទួលលទ្ធផលល្អ ទើបមានការសហការបន្តទៀតនៅពេលនេះ។

សូមជម្រាបថា ស៊ីម៉ាក់មានផែនការ សម្រាប់ឆ្នាំ២០១៩​ គ្រោងរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមឲ្យបានចំនួន១១៦គីឡូម៉ែត្រក្រឡា​ ជាមួយសកម្មភាពអប់រំ​ ការស្រាវជ្រាវតំបន់គំរាមកំហែង​ និងការជួយសង្គ្រោះជនពិការដោយសារមីន​ ដែលនឹងពង្រាយកម្លាំងប្រតិបតិ្តការប្រមាណ១.៧០០​នាក់​ សុនខ​ ៦៨ក្បាល​ គ្រឿងចក្រកម្ទេចមីនចំនួន៤៥គ្រឿង​ និងកម្លាំងអន្តរាគមន៍​ បណ្តាញស្ម័គ្រចិត្តជាង២.៥០០នាក់។

ដើម្បីសម្រេចគោលដៅផែនការនេះ​ អង្គភាពស៊ីម៉ាក់ត្រូវអនុវត្តគម្រោងនានាចំនួន២៩គម្រោង​ គិតជាថវិកាចំនួនជាង១៦លានដុល្លា​រ ហើយគិតមកត្រឹមថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ អង្គភាពមានគ​ម្រោងមួយចំនួនបានទទួលការអនុម័តរួចហើយ​ ដែលមានថវិកាសរុបប្រមាណ១២លានដុល្លារ​ គម្រោងនៅសល់ស្ថិតក្នុងដំណាក់កាលចរចា ដើម្បីទទួលបានការឯកភាព៕

អត្ថបទដែលជាប់ទាក់ទង