សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា
រសៀលថ្ងៃចន្ទ ទី ១៧ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា ដេីម្បីពិភាក្សានិងអនុម័តលេីរបៀបវារៈសំខាន់ៗដូចខាងក្រោម ៖
១/ របាយការណ៍សកម្មភាពឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩។
២/ របាយការណ៍ចំណូល ចំណាយ ឆ្នាំ២០១៨ និងការព្យាករណ៍ ចំណូលថវិកានៅឆ្នាំ២០១៩។
៣/ ការស្នើសុំអនុម័តផែនការថវិកាសម្រាប់ចំណាយជាអាទិភាពនៅ ឆ្នាំ២០១៩។
៤/ បញ្ហាផ្សេងៗ។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងនូវការកោតសរសេីរយ៉ាងក្រៃលែងចំពោះ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណៈកម្មាធិការកណ្តាល និងមន្ត្រីកាកបាទក្រហមកម្ពុជាទាំងអស់គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញ ការងារមនុស្សធម៌ជួយដល់ ប្រជាជនងាយរងគ្រោះបំផុតនៅទូទាំងប្រទេសប្រកបដោយប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏ជំរុញលេីកទឹកចិត្តដល់យុវជនឱ្យបន្តអភិវឌ្ឍខ្លួន ខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ឱ្យសក្តិសមជាយុវជនគំរូ ឈានមុខ ក្នុងការងារមិត្តអប់រំមិត្ត និងជួយការងារសង្គមនានា។
ទន្ទឹមនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះសប្បុរសជនជាតិ អន្តរជាតិទាំងអស់ដែលផ្តល់សេចក្តីទុកចិត្ត និងបរិច្ចាគធនធានជូនដល់កាកបាទក្រហមកម្ពុជាក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ និងក្នុងឱកាសផ្សេងៗ ហេីយជាពិសេសនោះ គឺព្រះរាជូបត្ថម្ភនូវព្រះទ្រព្យដ៏ឧត្តុង្គឧត្តមបំផុតរបស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ហេីយដែលកាកបាទក្រហមកម្ពុជា បានយកទៅចាត់ចែងប្រកបដោយតម្លាភាពនិងគណនេយ្យភាព៕