ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី បាននឹងកំពុងសម្រុកការងារលាបគំនូស លាបខឿន ថែទាំសួនច្បារ ដាំស្មៅ ដាក់ បង្គោលភ្លើងបំភ្លឺផ្លូវថ្មីលើមហាវិថី ឈ្នះឈ្នះ ដើម្បីទទួលពិធីពិធីសម្ពោធវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ធ្នូ មុខនេះ

99

 

ភ្នំពេញ៖ ជាច្រើនសប្តាហ៍កន្លងមកនេះក៏ដូចជានៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននឹងកំពុងមមាញឹកយ៉ាងខ្លាំងលើការងាររបស់ខ្លួន ពិសេស ការងារតុបតែង លើមហាវិថី ឈ្នះឈ្នះ ដូចជាការងារលាបគំនូស លាបខឿន ថែទាំសួនច្បារ ដាំស្មៅ ដាក់ បង្គោលភ្លើងបំភ្លឺផ្លូវថ្មី ដើម្បីឈានទៅទទួលពិធីពិធីសម្ពោធវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ធ្នូ មុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា នាប៉ុន្មានថ្ងៃជាប់គ្នានេះ ក្រុមការងារបាននឹងកំពុងធ្វើសកម្មភាព លាបគំនូស លាបខឿន និងថែទាំសួនច្បារ ការរៀបចំដាំស្មៅ និងការតំឡើងបង្គោលភ្លើងបំភ្លឺផ្លូវថ្មីនៅមហាវិថី ឈ្នះឈ្នះ ឬផ្លូវកប់ស្រូវចំនួន​ ២៦១បង្គោល​ លើចំនួនសរុប​ ២៩៨បង្គោល​ ហើយបង្គោលភ្លើងទាំងនោះត្រូវបានដាក់អោយដំណើរការបំភ្លឺហើយ។

   ខណៈដែលពិធីសម្ពោធវិមានឈ្នះឈ្នះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ មុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេងកាលពីពេលថ្មីៗកន្លងមកនេះបានចុះពិនិត្យនិងជំរុញអោយ មន្ត្រីជំនាញពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អនុវត្តការងាររួមមាន ការតម្លើងបង្គោលភ្លើងសួនច្បារ តម្លើងបង្គោលភ្លើងហ្វា ដាក់បណ្តាញលូ បើកច្រកកាត់សួនច្បារនៅមហាវិថីឈ្នះឈ្នះនេះ ជាមួយនិងការតុបតែងលំអភ្លើង នៅតាមដើមច័ន្ទគីរីនៅមហាវិថីឈ្នះឈ្នះ ចាប់ពីស្ពានព្រែកព្នៅដល់ផ្លូវជាតិលេខ៦ ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញដដែរបានបញ្ជាក់ថា សម្រាប់ត្រៀមកម្មវិធីថ្ងៃទី២៩-៣០-៣១ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានតម្លើងផ្ទាំងសិលាចារឹកធ្វើអំពីថ្មភក់ចំនួន ៦ផ្ទាំងដាក់ស្លាកឈ្មោះមហាវិថី ចាប់ពីផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ៦ លាបកំបោរគល់ឈើ និងលាបខឿនសួនច្បារផងដែរ។

គួរបញ្ជាក់ថា វិមានឈ្នះឈ្នះ ដែលមានទីតាំងស្ថិតនៅតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វា គ្រោង នឹងសម្ពោធដាក់អោយប្រើប្រាស់នៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០១៨ខាងមុខនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយគ្នានេះដែរក៏នឹងរៀបចំអោយកម្មវិធីពិពណ៌ចំនួនបីថ្ងៃផងដែរ ហើយដើម្បីអោយពិធីខាងលើប្រព្រឹត្តិទៅបានរលូននិងទទួលជោគជ័យ កាលពីពេលថ្មីៗនេះដែរ លោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំមន្ត្រីជំនាញមួយចំនួនចុះពិនិត្យ ទីតាំងនៅជុំវិញវិមានឈ្នះឈ្នះនេះ ដើម្បីត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ រួមនិងការឈូសឆាយព្រៃត្រែង កាយទឹកបង្ហូដាក់លូផងដែរ។  ការរៀបចំដូច្នេះ គឺដើម្បីជាសោភ័ណ្ឌភាព និងមានភាពងាយស្រួលក្នុងការរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ថ្នាក់ដឹកនាំជាន់ខ្ពស់ ក៏ដូចជាសន្តិសុខសុវត្ថិភាព ដល់សម្តេចតេជោផងដែរ។

   ក្រៅពីការងាររៀបចំសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំតុបតែងតាំងភ្លើងអគ្គិសនីបំភ្លឺនៅតាមដងផ្លូវ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នឹងបើកអោយប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិចូលរួមទស្សនា នូវសមត្ថលទ្ធផលនានា ដែលបានទទួលបានជោគជ័យ និងស្វែងរកសន្តិភាពជូនប្រទេសកម្ពុជា និងមានការរីចំរើនលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃនេះ។
   រដ្ឋបាលរាជធានី ក្រៅពីបញ្ហាខាងលើ ក៏បាន
ធ្វើការណែនាំអោយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រៀមដាក់រថយន្តសង្គ្រោះបន្ទាន់ចំនួន២០គ្រឿង ដោយប្រើប្រាស់ទីតាំងចំនួន២កន្លែងនៅមុខវិមានឈ្នះឈ្នះ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ បើមានបញ្ហាសុខភាព ក្នុងពិធីសម្ពោធវិមានឈ្នះឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះផងដែរ។ ដោយឡែក ខាង
មន្ទីរសាធារណៈការណ៍និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏បានរៀបចំដាក់ភ្លើងអគ្គិសនីបំភ្លឺតាមដើមច័ន្ទគីរីទាំងអស់នៅតាមបណ្តោយផ្លូវ រៀបចំដាក់ប្រព័ន្ធលូចំងាយជិត៥០០ម៉ែត្រ និងឆ្លាក់អក្សរលើផ្ទាំងសិលាចារឹក “ជាវិថីវិមានឈ្នះឈ្នះ” ដាក់នៅដើមផ្លូវ។
    វិមានឈ្នះឈ្នះធ្វើឡើង ដោយរៀបចំចម្លាក់ ស្តីពីចម្លាក់ទិវាចងចាំឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុល ពត និងចម្លាក់ដំណើរជាតិកម្ពុជានាទសវត្សឆ្នាំ៨០ និងដើមឆ្នាំ៩០ ដាក់តាំងបង្ហាញនៅជាន់ផ្ទាល់ដីផ្នែកខាងក្រៅវិមាន។
  គួរបញ្ជាក់ដែរថា វិមានឈ្នះឈ្នះចាប់ផ្តើមសាងសង់នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ ដែលសង់នៅផ្ទៃដីចំនួន១៥ហិកតា ដែលមានកំពស់វិមានចំនួន៥៤ម៉ែត្រ ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍លីយ៉ុងផាត់ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕
អត្ថបទដែលជាប់ទាក់ទង