ព្រះមហាក្សត្រ យាងបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម
ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ យាងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តបតាមការយាងរបស់រដ្ឋាភិបាលវៀតណាម។
បើតាមការផ្សាយរបស់ហ្វេសប៊ុកព្រះបរមរាជវាំង Royal du Cambodge បានឲ្យដឹងថា នាវេលាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ “ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជសារ ស្តីអំពីព្រះរាជអវត្តមានពីព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីស្តេចយាងបំពេញព្រះរាជទស្សនកិច្ច នៅទីក្រុង Hanoi និងទីក្រុង Danang នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមសេចក្តីក្រាបបង្គំសូមយាងរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម “។
យោងតាមព្រះរាជសារផ្ញើជូនជនរួមជាតិ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះមហាក្សត្របានគូសបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចរបស់ព្រះអង្គនៅប្រទេសវៀតណាម មានរយៈពេល៣ថ្ងៃគិតចាប់ពីថ្ងៃទី១៩ធ្នូនេះតទៅ ហើយព្រះអង្គយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាង។ ក្នុងអំឡុងពេលអវត្តមានរបស់ព្រះអង្គនេះ សម្តេចវិបុលសេនា សាយ ឈុំ ប្រធានព្រឹទ្ធសភា នឹងបំពេញការងារផ្សេងៗជំនួសព្រះអង្គជាប្រមុខរដ្ឋស្តីទី។
ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ ព្រះមហាក្សត្រ ទៅកាន់ប្រទេសវៀតណាមនាពេលនេះ ជាព្រះរាជដំណើរ ដើម្បីលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរ ឲ្យកាន់តែល្អប្រសើរថែមទៀត៕