ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្រាប់មួយថ្ងៃទី១៨ ធ្នូ​ នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត​ កែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ ​រកឃើញយានយន្ដល្មើសច្បាប់​ ២០គ្រឿង និងអ្នក​ប្រើ​បណ្ណបើកបរក្លែងក្លាយ​ម្នាក់

104

ព្រះ​វិហារ ​៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រីបានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃ​ទី​១៩ធ្នូ ២០១៨នេះថា សម្រាប់មួយនៃថ្ងៃទី១៨ ធ្នូ​ ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត​ កែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ ​បានដាក់គោលដៅត្រួតពិនិត្យយានយន្ត​ ដោយបានរកឃើញយានយន្ដល្មើសច្បាប់​ ២០គ្រឿង និងអ្នក​ប្រើ​បណ្ណបើកបរក្លែងក្លាយ​ម្នាក់ផងដែរ ។

   លោកសំ លាងទ្រីបានបញ្ជាក់ថាយុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោគនៅទូទាំងខេត្តព្រះវិហារ សម្រាប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨​ ម្សិលមិញ​នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស​ខេត្ត បានត្រួតពិនិត្យយានយន្ត​ សរុបចំនួន​ ៧៥គ្រឿង រកឃើញរថយន្តល្មើសច្បាប់​ចំនួន​ ២០គ្រឿង និងអ្នកបើកបរប្រើប្រាស់បណ្ណបើកបរក្លែងក្លាយ​ ០១នាក់ ។ លោកថា នេះបើតាមរបាយការណ៍ផ្លូវការពីគោលដៅស្ថិតនៅភូមិជីអោក​ ឃុំរម្មណី​ ស្រុក​រវៀង​ ខេត្តព្រះវិហារ​ ផ្ដល់អោយ។

   លោកបន្ថែមថា ក្នុងរបាយការណ៍ក៏បានបញ្ជាក់លំអិតថា ចំពោះការត្រួតពិនិត្យយានយន្ត សរុបចំនួន ៧៥ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ៥៤គ្រឿងសំពីងសំពោងចំនួន ០៥ គ្រឿង ខ្វះឯកសារចំនួន ១៥ គ្រឿង បណ្ណបើកបរក្លែងក្លាយ ចំនួន ០១ នាក់ ។ 

   បច្ចុប្បន្នយានយន្តដែលល្មើសទាំងនោះ ក្រុម​ការងារ​ត្រួតពិនិត្យយានយន្ត​ កែច្នៃខុសលក្ខណៈបច្ចេកទេសខេត្តព្រះវិហារ​ បានធ្វើ​ការពិន័យ​ និងអប់រំណែនាំតាមនីតិវិធី។

     គួររំលឹកថា កាលពី ខែកុម្ភៈ ឆ្នាំ២០១៨កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសដែរអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀតតភ្ជាប់ទឹកដីនៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំ សម្តេចតេជោ ហ៊ុន សែនដាក់ឱសានវាទ ចាប់ពីម៉ោង០០យប់ថ្ងៃទី៩កុម្ភៈ តទៅ គ្មានវត្តមានឡាន តទ្រុង លើដងផ្លូវទៀតឡើយ ហើយបើមាននៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុងនោះ ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ាឬអ្នកកាង ទោះជាឋានៈណាក៏ដោយ ក៏ធ្លាក់បុណ្យស័ក្តិទាំងអស់ និងបញ្ចូលព្រៃសតែម្តង៕

អត្ថបទដែលជាប់ទាក់ទង