ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើសមាគមឧស្សាហកម្មសន្ដិសុខ សៀងហៃ ជួយបណ្ដុះបណ្ដាលគ្រូបង្គោល មន្ដ្រីនៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន

52


ភ្នំពេញ ៖ វិស័យសន្ដិសុខឯកជនបានរួមចំណែកមួយក្នុងការថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ជូនប្រជាពរលដ្ឋ ក៏ដូចជាអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ-អន្ដរជាតិ។
តាងនាមអគ្គស្នងការដ្ឋាននគរបាលជាតិ ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានសំណូមពរដល់សមាគមឧស្សាហកម្មសន្ដិសុខ សៀងហៃ បន្ដជួយបណ្ដុះបណ្ដាលគ្រូបង្គោល សម្រាប់មន្ដ្រីនៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បន្ថែមទៀត។

លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្ដាលសន្ដិសុខ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨នេះ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្តីពីការគ្រប់គ្រងភ្នាក់ងារសន្តិសុខឯកជន និងសន្តិសុខធនាគារ និងទទួលរថយន្ត ១គ្រឿង ពីសមាគមឧស្សាហកម្មសន្តិសុខ សៀងហៃ។

ក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងការស្វាគមន៍ដល់សមាគមឧស្សាហកម្មសន្ដិសុខ នៃទីក្រុងសៀងហៃ ដែលបានមកធ្វើបទបង្ហាញស្ដីពី ការគ្រប់គ្រងផ្នែកសន្ដិសុខ និងចែករំលែកបទពិសោធន៍ ដល់មន្ដ្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប, ខេត្តព្រះសីហនុ និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត លើការងារគ្រប់គ្រងសន្ដិសុខឯកជន។
លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ៖ ដោយសារការខិតខំប្រឹងប្រែងរបស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានចំណងសាមគ្គីភាពយ៉ាងស្អិតល្មួត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឲ្យកម្ពុជានាពេលបច្ចុប្បន្ន មានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍលើសំណង់អគារខ្ពស់ៗជាច្រើន ក្រោមវត្តមានរបស់អ្នកវិនិយោគទុនចិន។

លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានថ្លែងអំណរគុណ ដល់សមាគមឧស្សាហកម្មសន្ដិសុខ សៀងហៃ ដែលបានប្រគល់រថយន្ដមួយគ្រឿង ជូននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដើម្បីជួយដល់ការងារគ្រប់គ្រងសន្ដិសុខឯកជន ក្នុងការចូលរួមចំណែកថែរក្សា សន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណរបស់ប្រទេសកម្ពុជា។

ថ្លែងនៅក្នុងកម្មវិធីនេះដែរ លោក ចាវ យានមីង (ZHAO YUANMING) អនុប្រធានប្រតិបត្តិ នៃសមាគមឧស្សាហកម្មសន្តិសុខ សៀងហៃ បានលើកឡើងថា កម្ពុជា គឺជាមិត្តដ៏ល្អរបស់ចិនហើយចិននៅតែបន្តជួយដល់កម្ពុជាជានិច្ច ជាក់ស្តែងដូចការផ្តល់វគ្គបណ្តុះបណ្តាលជំនាញការគ្រប់គ្រងផ្នែកសន្តិសុខឯកជន និងសន្តិសុខធនាគារនេះជាដើម ៕

អត្ថបទដែលជាប់ទាក់ទង