កម្ទេចផ្សាដែកឆេះឡសម្ងួតនៅក្នុងក្រុមហ៊ុន ហ្គោឌិនរាយ ស្លាប់ ២នាក់ របួសធ្ងន់ ៤នាក់ និងប្រេីទឹកអស់ជាង ៧០ ឡាន
កំពង់ស្ពឺ ៖ នៅវេលាម៉ោង ១៤.៤៥នាទី ថៃ្ងទី១៩ ខែធ្នូ ឆ្នាំ២០១៨ មានករណីអគ្គីភ័យឆាបឆេះនៅទីតាំងរបស់ក្រុមហ៊ុន ហ្គោឌិនរាយ ឡសម្ងួតស្រូវស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យខូចខាត សម្ភារៈ ទ្រព្យសម្បត្តិជាច្រើននិងឆក់យកជីវិតមនុស្ស ២នាក់ របួសធ្ងន់ ៤នាក់។
កងកម្លាំងនគរបាល ជំនាញអន្ដរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គ បានចេញប្រតិបត្ដិការជួយអន្ដរាគមន៍ បាញ់ទឹកពន្លត់អគ្គីភ័យដែលកំពុងតែឆាបឆេះនៅក្នុងទីតាំងក្រុមហ៊ុន ហ្គោឌិនរាយ រោងម៉ាសុីន «ឡសំម្ងួតស្រូវ »ស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង ឃុំក្សេមក្សាន្ដ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្នុងកិច្ចប្រតិបត្តិការខាងលើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកឧដុង្គ ឲ្យដឹងថាករណីនេះអាចបណ្ដាល មកពីការខ្ទាតបំណែកផ្កាភ្លេីងផ្សាដែកនៅផ្នែកខាងលេី នៃដំបូលក្បែរឡសម្ងួតស្រូវ ដោយសារទីតាំងនោះមានកន្ទក់ ទេីបធ្វើអោយមានការឆាបឆេះតែម្ដង ភ្លេីងបានបន្ដឆេះរថយន្ដស្ទួចមួយគ្រឿងដែលចតទុកនៅក្បែរនោះផ្ទុះបែកផ្កាភ្លេីងកាន់តែធំ ហោះឡេីងលេីរួចធ្លាក់មកក្រោមវិញ ក្នុងហេតុការណ៍ឆេះទីតាំងឡសម្ងួតស្រូវនេះបង្កអោយខូចខាតនូវទ្រព្យសម្បត្ដិ សម្ភារៈ រថយន្ត និងឆក់យកអាយុជីវិតមនុស្ស ២នាក់(ឆេះស្លាប់)និងរបួសធ្ងន់ចំនួន ៤នាក់ ដោយបានការបញ្ជានិងចង្អុលការណែនាំពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ឲ្យកំលាំងជំនាញត្រូវតែខិតខំប្រេីអោយអស់លទ្ធភាពដេីម្បីគ្រប់គ្រងស្ថានការណ៍គ្រោះអគ្គីភ័យដ៏អាក្រក់មួយនេះអោយបាន។ វិធានការជួយសង្គ្រោះគឺបានប្រេីប្រាស់រថយន្ដទឹកចំនួន ៩ គ្រឿង បានមកពីបណ្ដាអង្គភាព ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចំនួន ៣គ្រឿង អធិការដ្ឋាននគរបាលស្រុកឧដុង្គ ១ គ្រឿង ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ១គ្រឿង ក្រុមហ៊ុនឯកជននិងរថយន្តម្ចាស់ទីតាំងផ្ទាល់សរុប ៤គ្រឿង ប្រេីទឹកអស់ជាង ៧០ ឡាន អគ្គីភ័យបានឆាបឆេះអស់រយៈពេលជាង៧ ម៉ោងទេីបស្ថានការណ៍បានថមថយឈានទៅរកការគ្រប់គ្រងបានទាំងស្រុងវិញ៕