ជនសង្ស័យ៣នាក់ គាស់ផ្ទះលួចបានកូនជ្រូកពីរក្បាល និងលួចម៉ូតូ ត្រូវចាប់ប្រគល់អោយសមត្ថកិច្ច
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានឡោមព័ទ្ធចាប់ចោរគាស់ផ្ទះបាន៣នាក់ យកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិរដ្ឋបាលព្រៃស កាលពីវេលាទៀបភ្លឺថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ដោយករណីនេះកើតឡើងនៅភូមិព្រៃទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមសម្តីម្ចាស់ផ្ទះបានអោយដឹងថាមុនមានការភ្ញាក់ផ្អើលគឺពេលរូបគាត់នឹងក្រុមគ្រួសារកំពុងលង់លក់ក្នុងដំណេក ស្រាប់តែមានជនសង្ស័យ៣នាក់ដើរមកគាស់ផ្ទះគាត់ហើយលួចយកកូនជ្រូកធ្វើអំពីដី ដែលគ្រួសារគាត់ទុកដាក់សន្សំលុយបានសម្រេចហើយ ប៉ុន្តែពួកគេនៅមិនអស់ចិត្តបានបន្តលួចកាច់ករម៉ូតូ ដើម្បីយកជិះគេចខ្លួន ប៉ុន្តែលឺសូរសម្លេង ទើបរូបគាត់ជាម្ចាស់ផ្ទះបានដើរទៅមើលឃើញជនសង្ស័យទាំង៣នាក់កំពុងធ្វើសកម្មភាពលួចម៉ូតូ រួចក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋជិតខាងមកជួយឡោព័ទ្ធបានទាំង៣នាក់យកទៅប្រគល់អោយសមត្ថកិច្ចប៉ុស្តិព្រៃស ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង៣នាក់ឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពដូចការលើកឡើងរបស់ម្ចាស់ផ្ទះប្រាកដមែន។ បច្ចប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថតាងត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌ បានចុះទៅនាំខ្លួនមកកាន់អធិការដ្ឋានខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទោសតាមនីតិច្បាប់៕