ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងតឺន័របើកលឿនជ្រុលបុករថយន្តដឹកថ្មម៉ាត កំពុងបើកឆ្លងផ្លូវពេញទំហឹងបណ្តាល អោយគៀបតៃកុង ជាង២ម៉ោងទើបគាស់ចេញបាន

53

ភ្នំពេញៈ​ បុរសជាតៃកុងរថយន្តម្នាក់បានរងរបួសបាក់ជើងម្ខាង​ ខណៈកំពុងបើករថយន្តកុងតឺន័រជ្រុលបុកជាមួយរថយន្តដឹកថ្មម៉ាតពេញទំហឹងបណ្តាលអោយគៀបជាប់ជាមួយចង្កូតរថយន្ត​ ដោយករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី​ ២០​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៨​ ស្ថិតនៅតាមបណ្តោយផ្លូវ​ ២១៧​ (ហៅផ្លូវចំការដូង)​ ក្នុងសង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ ។
តាមសាក្សីដែលឃើញហេតុការណ៍បានរៀបរាប់ប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុ​ រថយន្តដឹកថ្មម៉ាត​ពេញតែម្តងបាន​ បើកចេញពីក្រុមហ៊ុនបំណងយកទៅចែកចាយ​ដោយបានបើកឆ្លងកាត់ផ្លូវចំការដូងទិសដៅពីលិចទៅកើត​ ខណៈនោះស្របពេលដែលរថយន្តកុងតឺន័របើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង​ ឆ្ពោះពីស្ទឹងមានជ័យឡើងទៅរង្វង់មូលគួរស្រូវ​ក៏ជាន់ហ្វ្រាំងមិនទាន់បានជ្រុលចំគូទរថយន្តដឹកថ្មម៉ាតយ៉ាងពេញ​ទំហឹង​ បណ្តាលអោយក្បាលរថយន្តកុងតឺន័រកម្ពិតគៀបបុរសជាតៃកុងជាប់តែម្តង។ ប្រភពដដែលបន្តថាភ្លាមៗកម្លាំងសមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងនគរបាលចរាចរខណ្ឌ​ រួមជាមួយបងប្អូនប្រជាការពារខណ្ឌ​ និងប្រជាពលរដ្ឋបានសហការគ្នាប្រមូលសម្ភារជួយសង្គ្រោះតៃកុងរថយន្ត​ ដោយយកខ្សែកាបទាញត្រង់ចំណុចគៀបអស់រយះពេលជាង២ម៉ោង​ ទើបអាចសង្គ្រោះបុរសខាងលើបានហើយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញចុះសម្រួលចរាចរជូនប្រជាពលរដ្ឋនឹងបានវាស់វែងអូសយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានាពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង