ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ជប៉ុនសិក្សារួចរាល់ ខ្ទង់ចំណាយអស់ប្រហែលជិត ៤ ពាន់លានដុល្លារ
ភ្នំពេញ៖ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅបាវិត ព្រំដែនកម្ពុជា-វៀតណាម បានសិក្សារួចរាល់ ដោយគ្រោងនឹងចំណាយថវិកាសាងសង់អស់ប្រមាណ ៣ ៨០០ លានដុល្លារ។ នេះបើតាមការអះអាងបញ្ជាក់ដោយរដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល។
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ឲ្យដឹងនៅថ្ងៃព្រហស្បតិ៏២០ធ្នូនេះថា៖ ទីភ្នាក់ងារសហ ប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន (JICA) បានទទួលការអនុញ្ញាតពិរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅបាវិតប្រវែង១៦០គីឡូម៉ែត្រ ហើយបើតាមការសិក្សា ខ្ទង់ចំណាយដ៏ច្រើនសន្ធឹកដូច្នេះ ព្រោះផ្លូវនេះមានលិចទឹក កាត់តាមបឹង ឬតំបន់លិចទឹកច្រើន មានប្រវែងរហូតដល់៨០គីឡូម៉ែត្រឯណោះ។
បើធៀបនឹងប្រវែងរវាងផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ ១៩០ គីឡូម៉ែត្រ ចំណាយអស់ត្រឹម ២០០០ លានដុល្លារ ព្រោះផ្លូវមានពុំសូវមានការលំបាកក្នុងការសាងសង់ ដោយសារ មិនមាន កាត់បឹងឬផ្លូវលិចទឹក ខណៈផ្លូវពីភ្នំពេញទៅបាវិតប្រវែងតែ ១៦០ គីឡូម៉ែត្រនេះ តែត្រូវចំណាយច្រើនជាងដល់ទៅ ៣៨០០ ដូច្នេះ។
យ៉ាងណាមិញ ក្រោយការសិក្សាហើយឃើញខ្ទង់ចំណាយច្រើនសន្ធឹកបែបនេះ រដ្ឋាភិបាលមិនទាន់ហ៊ានសម្រេចចិត្តថាត្រូវសាងសង់ឬយ៉ាងណានោះទេ ខណៈកំពុងស្វែងរកដៃគូវិនិយោគពីវិស័យឯកជនដែលចាប់អារម្មណ៍សាងសង់ជាមុនសិន។ កន្លងមកអង្គការជប៉ុន JICA ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲ្យសិក្សាលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើនដូចជា គម្រោងពង្រីកផ្លូវជាតិលេខ១ និងផ្លូវរថភ្លើងលើអាកាសនៅក្រុងភ្នំពេញ៕