ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជា ប្ដេជ្ញាកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញជាដាច់ខាត

87

ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា ក្នុងអង្គសន្និបា​តគណៈកម្មាធិការកណ្ដាល លើកទី៤១ អាណត្តិទី៥ បានធ្វើការប្ដេជ្ញាចិត្តយ៉ាងមុតមាំថា សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ។

ក្នុងន័យនេះ គណបក្សប្រជាជនកម្ពុជា នឹងខិតខំជំរុញការអនុវត្តឲ្យបានសម្រេចជោគជ័យនូវកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណដំណាកកាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៩ ដែលមានគោលដៅជាយុទ្ធសាស្ដ្រ៤ សំដៅកសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

សេចក្ដីប្រកាសអំពីលទ្ធផល នៃសន្និបាតគណៈកម្មាធិការកណ្ដាល ដែលបង្ហាញនៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រោយបិទបញ្ចប់សន្និបាតដែលដំណើរការរយៈពេល៣ថ្ងៃនេះ បញ្ជាក់ថា​ គោលដៅជាយុទ្ធសាស្ដ្រ៤នោះរួមមាន៖

ទី១៖ ធានាឲ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់៧ភាគរយ ប្រកបដោយចីរភាព និងធន់នឹងវិបត្តិ

ទី២៖ បង្កើតការងារឲ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាពជូនប្រជាជន ជាពិសេសស្រទាប់យុវជន

ទី៣៖ សម្រេចឲ្យបានគោលដៅនៃការកាត់បន្ថយភាពក្រីក្រ ឲ្យស្ថិតក្នុងអត្រាទាបជាង១០ភាគរយ និងការពារមិនឲ្យភាពក្រីក្រវិលត្រឡប់មកវិញ

និង៤៖ បន្ដពង្រឹងសមត្ថភាព និងអភិបាលកិច្ចនៃស្ថាប័នរដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាពសេវាសាធារណៈ។

បន្ថែមពីនេះ អង្គសន្និបាត ក៏បានពិនិត្យលទ្ធផលនៃការអនុវត្តការកែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណរបស់ររាជរដ្ឋាភិបាល ដែលមកទល់ឆ្នាំ២០១៨នេះ បានសម្រេចវឌ្ឍនភាពជាមូលដ្ឋាន ក្នុងការធ្វើទំនើបកម្មប្រព័ន្ធអភិបាលកិច្ចតាមរយៈការជំរុញការប្រយុទ្ធប្រឆាំងអំពើពុករលួយ, ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌, ការកែទម្រង់រដ្ឋបាលសាធារណៈ, ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ, ការកែទម្រង់កងកម្លាំងប្រដាប់អាវុធ ព្រមទាំងការកែទម្រង់តាមវិស័យនានា៕

អត្ថបទដែលជាប់ទាក់ទង