ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខណ្ឌច្បារអំពៅ បើកយុទ្ធនាការផ្សព្វផ្សាយដល់ ប្រជាពលរដ្ឋបាន យល់ដឹងពីការផ្តល់សេវាសាធារណៈ នៅច្រកចេញចូលតែមួយ

97


រដ្ឋបាលខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២១ ខែធ្នូនេះ, បានបើកយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានយល់ដឹងទូលំទូលាយពីតារាងតំលៃ និង ការផ្តល់សេវាសាធារណៈនៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ។ យុទ្ធនាការផ្សព្វផ្សាយនេះបានធ្វើឡើងព្រមគ្នារវាងមូលដ្ឋានសង្កាត់ទាំង៨ ដោយក្រុមការងារតាមសង្កាត់និមួយៗបានដើរចែកតារាងតំលៃនៃសេវាកម្មតាមផ្នែកនិមួយៗ របស់ការិយាល័យច្រកចេញចូលតែមួយ។

នៅក្នុងការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌច្បារអំពៅ បានផ្តល់សេវាលើ វិស័យចំនួន១២ រួមមាន៖ ការងារនីត្យានុកូលកម្ម, ការងារអត្រានុកូលដ្ឋាន, វិស័យសុរិយោដី, វិស័យវប្បធ៌ម និង វិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និង កីឡា, វិស័យទេសចរណ៍,វិស័យសំណង់, វិស័យឧស្សាហកម្ម រ៉ែ និង ថាមពល, វិស័យពាណិជ្ជកម្ម, វិស័យសុខាភិបាល,វិស័យសាធារណៈការ និងដឹកជញ្ជូន, និងវិស័យកសិកម្ម។
​លោកស្រីឯក យ៉ានី អភបាលរងខណ្ឌច្បារអំពៅ បានអោយដឹងថា៖ ក្នុងយុទ្ធនាការនេះ បានធ្វើឡើងក្នុងគោលបំណង ដើម្បីអោយប្រជាពលរដ្ឋ បានយល់ដឹងបានកាន់តែទូលំទូលាយអំពីតំលៃ នៃការផ្តល់សេវាសាធារណៈនៅច្រកចេញចូលតែមួយ នឹងចៀសវាងការពឹងពាក់អ្នករត់ការ ដែលគេយកតំលៃលើសពីនេះ។ នៅក្នុងខិតប័ណ្ណផ្សព្វផ្សាយនេះ ក៍មានដាក់លេខទូរស័ព្ទរបស់ការិយាល័យច្រកចេញចូលតែមួយរបស់ខណ្ឌ ដើម្បីអោយប្រជាពលរដ្ឋបានទំនាក់ទំនងផ្ទាល់ បើសិនជាពួកគាត់មិនយល់ ឬ ចង់ដឹងពីប្រការណាមួយនោះ។ លោកស្រីឯក យ៉ានី បានបញ្ជាក់ថា៖ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងខិតខំ ក្នុងការអនុវត្តកំណែទំរង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅរដ្ឋបាលសាធារណៈ កាន់តែមានភាពឆ្លើយតបប្រកបដោយប្រសិទ្ធិភាព ប្រសិទ្ធិផល និង ជំនឿទុកចិត្ត ហើយលើកកំពស់វប្បធ៌មសាធារណៈ ឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈមន្រ្តីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈទៅជាអ្នកផ្តល់សេវាសាធារណៈដ៍មានប្រសិទ្ធភាព និង បំរើប្រជាពលរដ្ឋអោយបានកាន់តែល្អប្រសើរឡើង៕

អត្ថបទដែលជាប់ទាក់ទង