ព្រះមហាក្សត្រ យាងមកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម
ភ្នំពេញ៖ នៅម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានយាងមកដល់មាតុប្រទេសវិញហើយ ក្រោយបញ្ចប់ការបំពេញព្រះរាជទស្សនកិច្ច នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃ តបតាមការយាងរបស់រដ្ឋាភិបាលវៀតណាម។
នៅព្រឹកថ្ងៃសុក្រ ទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចហេង សំរិន សម្តេចស ខេង សម្តេចសាយ ឈុំ និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញទទួលព្រះរាជដំណើរយាងនិវត្តន៍នៃព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាបន្ទាប់ពីព្រះអង្គបានយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ អស់រយៈពេល៣ថ្ងៃ (១៩-២១ ខែធ្នូ)នៅទីក្រុងហាណូយ និងទីក្រុងដាណាងប្រទេសវៀតណាម។
ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេសវៀតណាម គឺដើម្បីលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។
សូមគោរពថ្វាយព្រះពរព្រះអង្គមានព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជារាស្ត្រនៅទូទាំងប្រទេស។
ក្នុងដំណើរបំពេញព្រះរាជទស្សនកិច្ចរបស់ព្រះអង្គ នៅប្រទេសវៀតណាម រយៈពេល៣ថ្ងៃកន្លងមកនេះ ព្រះអង្គបានយាងទៅកាន់ទីក្រុងហាណូយ និងទីក្រុងដាណាងផងដែរ។
សូមជម្រាបថា ប្រទេសកម្ពុជា និងវៀតណាម បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនឹងគ្នាកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកដល់ពេលបច្ចុប្បន្នមានរយៈពេល ៥១ឆ្នាំហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី០៧-០៨ ខែធ្នូ ឆ្នាំ២០១៨ ក៏បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ច នៅប្រទេសវៀតណាមផងដែរ ក្នុងបំណងពង្រឹងពង្រីកទំនាក់ទំណង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែប្រសើរថែមទៀត ក្នុងនាមជាប្រទេសមានភូមិផងរបងជាមួយគ្នា។
ព្រះរាជដំណើរបំពេញទស្សនកិច្ចរបស់ ព្រះមហាក្សត្រខ្មែរទៅកាន់ប្រទេសវៀតណាមនាពេលនេះ ក៏ត្រូវបានគេពិពណ៌នាថា ជាព្រះរាជដំណើរដើម្បីលើកកម្ពស់ទំនាក់ទំនង ប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត៕