បុគ្គលិកអគ្គិសនី២នាក់ ស្លាប់នៅលើបង្គោលភ្លើង ពេលឡើងតបណ្តាញ
ព្រះសីហនុ ៖ បុគ្គលិកអគ្គិសនី ដែលបម្រើក្នុងវិស័យឯកជន ឡើងតបណ្តាញលើបង្គោលភ្លើង បណ្តាលឲ្យឆ្លងចរន្តឆក់ស្លាប់២នាក់ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៤និង៤០នាទី នៅលើបង្គោលភ្លើងចំណុចមុខសណ្ឋាគារស៊ីហ៊ូ ស្ថិតនៅក្រុមទី២ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។នេះបើតាមការផ្សាយរបស់វេបសាយអគ្គស្នងការនគរបាលជាតិ។
តាមរបាយការណ៍របស់ស្នងការដ្ឋានខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះមាន ១-ឈ្មោះ អុល ថារិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកតបណ្តាញភ្លើង មានស្រុកកំណើតភូមិត្រពាំងឈូក ឃុំមេសជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ស្លាប់លើបង្គោលភ្លើង, ២-ឈ្មោះ ធួក សាមិ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ បុគ្គិលតបណ្តាញភ្លើង មានស្រុកំណើត ភូមិស្មោង ឃុំស្មោង ស្រុកកំចាយមា ខេត្តព្រៃវែង ស្លាប់ពេលបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកខេត្ត ។ សាកសពជនរងគ្រោះទាំង២នាក់ បានយកទៅរក្សាទុកនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ៕