ក្រោយជាប់គុក១០ខែ បណ្តេញជនជាតិថៃ២៦នាក់ ឆបោកតាមប្រព័ន្ធទូរគមន៍ (VOIP) ទៅស្រុកវិញ
បន្ទាយមានជ័យ ៖ បើតាមការផ្សាយរបស់ផេកហ្វេសប៊ុក នាយកដ្ឋានច្រកទ្វារទី១ បានឲ្យដឹងថា ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នាយកដ្ឋានច្រកទ្វារទី១ បានសហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធី ធ្វើការបណ្ដេញចេញ នូវជនជាតិថៃចំនួន ២៦ រូប ពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធទូរគមន៍ (VOIP) តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងប្រថាប់ត្រាហាមចូលប្រទេស រួចប្រគល់ជូននគរបាលអន្តោប្រវេសន៍ នៃព្រះរាជាណាចក្រថៃ។
សូមបញ្ជាក់ថា នគរបាលនៃអគ្គនាយកដ្ឋាននគរបាលអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បានបញ្ជូនជនជាតិថៃ២៦នាក់ ដែលពាក់ព័ន្ធបទល្មើសឆបោក តាមប្រព័ន្ធទូរគមន៍ (VOIP) ខុសច្បាប់ ត្រូវបានអាវុធហត្ថ សហការជាមួយភាគីថៃ បង្រ្កាបកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ កន្លងមក នៅទីតាំងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ហើយកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយកាត់ទោសដាក់ពន្ធនាគារចំនួន ១០ខែ ។ ពួកគេទាំង២៦នាក់ ត្រូវបានបញ្ជូនទៅឱ្យភាគីថៃវិញ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នាថ្ងៃទី២២ធ្នូនេះ។ ជនជាតិថៃទាំង២៦នាក់ មានស្រី៩នាក់ ហើយប្រភពថា មុនការបញ្ជូនត្រឡប់ជនសង្ស័យទាំង២៦នាក់ ជាប់នៅមណ្ឌលកែប្រែម១ និងម២ តាំងពីខែកុម្ភៈ ឆ្នាំ២០១៨។ ករណីនេះ ភាគីនគរបាលប្រទេសថៃ ចាំទទួលយកពួកគេ ពីការបណ្ដេញនេះ ដោយអនុវត្តតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ និង២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងមក៕