ចៅក្រមតេក្វាន់ដូអាយ ធី អេហ្វ៥៨រូបបញ្ចប់ការបណ្ដុះបណ្ដាល
ភ្នំពេញ:វគ្គបណ្ដុះបណ្ដាលចៅក្រមកីឡាតេក្វាន់ដូអាយ ធី អេហ្វដែលចាប់ផ្ដើមធ្វើឡើង ពីថ្ងៃទី១៩នោះបាន
បញ្ចប់ហើយនៅថ្ងៃទី២៤ធ្នូ ។
លោកកែវ រ៉េមីប្រធានសហព័ន្ធកីឡាតេក្វាន់ដូអាយ ធី អេហ្វកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីបិទវគ្គនេះនិង ចែកវិញ្ញាបនប័ត្រដល់សិក្ខាកាមទាំង៥៨រូបនេះ ។
វគ្គនេះឧទ្ទេសនាមដោយលោកគ្រូធំខ្សែក្រវាត់ខ្មៅ៩ដាន់ ជាជនជាតិកូរេខាងជើង ដែលបង្ហាត់នៅប្រទេសប៊ុលហ្គារី និងជាប្រធានចៅក្រមពិភពលោកគឺលោកKim Ung Chol លោក Re Chol Namដែលជាគ្រូបង្វឹកជម្រើសជាតិកម្ពុជា និង លោកប៊ួន ហ៊ីងសុធីយ៉ាដែលជាអគ្គលេខាធិការរបស់សហព័ន្ធ ។
វគ្គនេះសិក្សាទាំងទ្រឹស្ដី និង ការអនុវត្តន៍លើទីលាន ។បន្ទាប់ពីឆ្លងកាត់វគ្គសិក្សានេះគេសង្កេតឃើញថាសិក្ខា
កាមទាំងអស់មានការយល់ដឹងកាន់តែខ្ពស់ពីតួនាទីរបស់ចៅក្រម យល់ដឹងកាន់តែច្បាស់ពីភាពយុត្តិធម៌ក្នុងការផ្ដល់ពិន្ទុ នៅពេលដឹកនាំការប្រកួត ។
បើតាមការអះអាងពីលោកកែវ រ៉េមីនោះថានៅខែសីហាឆ្នាំ២០១៩មាន ការប្រកួតតេក្វាន់ដូអាយ ធី ងេហ្វជើងឯកពីភពលោកនៅប្រទេសប៊ុលហ្គារី ។ ការប្រកួតនៅអឺរុបរបៀបផ្ដល់ពិន្ទុមានការខុសប្លែកខ្លះពីទ្វីបអាស៊ីតែពេលនេះ
កម្ពុជាបានជួបជាមួយប្រធានអាជ្ញាកណ្ដាល ចៅក្រមពិភពលោក ដែលបង្ហាត់នៅអឺរុបហេតុនេះកម្ពុជាមានការយល់ ដឹងច្រើនហើយចាប់ពីពេលនេះទៅអ្វីៗ ត្រូវរៀបចំខ្លួនតាមរបៀបអឺរុប ។
ការប្រកួតជើងឯកពិភពលោកនាឆ្នាំក្រោយនេះ គឺមានទាំងការប្រកួតសម្រាប់យុវជន និងវ័យចាស់ហេតុនេះ
កម្ពុជាត្រូវត្រៀមខ្លួនគ្រប់ប្រភេទអាយុទាំងអស់ ។