ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យកភ្លើងដុតគល់ឈើ ផ្ទុះគ្រាប់៦០មិល្លីម៉ែត្រ ស្លាប់២នាក់ប្ដី​ប្រពន្ធ​

104

បាត់ដំបង​ ៖ ២នាក់ប្ដី​ប្រពន្ធ​ យក​ភ្លើង​ទៅ​ដុត​គល់ដើមឈើធំ ដែលកូនឈើតូចៗដុះព័ទ្ធ រហូតដល់ឆេះ​​ខ្លាំង ស្រាប់តែ​ផ្ទុះ​គ្រាប់​លាន់​​កក្រើក បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​ភ្លាម​ៗ រីឯ​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​បួរ​ កាលពី​វេលា​ម៉ោង​១ និង៣០​នាទី​រសៀល​ថ្ងៃ​ទី​២៤​ ធ្នូ នេះ ​ស្ថិត​នៅ​ចំណុច​បឹង​អន្ទង់ ស្ថិត​ក្នុងភូមិ​បួរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នោះ បុរស​ជា​ប្ដី​ឈ្មោះ​ជាតិ អាយុ​ប្រហែល​៥០​ឆ្នាំ បាន​ស្លាប់​​នៅ​កន្លែង​កើតហេតុ រីឯ​ប្រពន្ធ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ តែ​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​​​សុខភាព​បួរ​។ ជន​រង​គ្រោះ​មានស្រុក​កំណើតនៅ​ភូមិ​ត្រាំ​ស ឃុំ​តានី ស្រុក​ទូក​មាស ខេត្តកំពត បាន​មក​ស្នាក់​នៅ​បណ្តោះអាសន្ន​ ធ្វើ​កម្មករ​កាប់​ដំឡូង​មី នៅ​ភូមិ-​ឃុំ​កើតហេតុ​ខាងលើ​។ ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​នេះ​ បាន​យក​ភ្លើង​ទៅ​ដុត​ព្រៃឈើតូចៗដុះជុំវិញគល់ដើមឈើ​ធំ ដោយ​មិន​បាន​ដឹង​ថា គល់ឈើ​នោះ​ មាន​គ្រាប់កាំភ្លើង​កប់ចោលនោះទេ លុះ​ដុត​ឆេះ​​ស្រាប់តែ​ផ្ទុះ​គ្រាប់​លាន់​​កក្រើក បណ្ដាល​ឲ្យ​បុរស​ជា​ប្ដី​ស្លាប់​ភ្លាម​ៗ រីឯ​ប្រពន្ធ​ស្លាប់​ពេល​បញ្ជូន​ដល់​មណ្ឌល​សុខភាព​ឃុំ​បួរ​។​

​បើ​តាម​ការ​បំភ្លឺ​ខ្លះ​ៗ​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​នោះ បាន​យក​ភ្លើង​ទៅ​ដុត​គល់​ឈើ​​នៅ​ក្នុង​ចំការ ដើម្បី​យក​សត្វ​ព្រូត តែ​ពួក​គាត់​មិន​បានដឹង​ថា ក្នុង​គល់ឈើ​​នោះ ​មាន​គ្រាប់កាំភ្លើង​ទេ​។ ពេល​ដែល​ដុត​ភ្លើង​ឆេះ​ប្ដី​ប្រពន្ធ​នេះ ​មិន​ទៅ​ណា​ឆ្ងាយ​ពី​គល់ឈើ​​ទេ ទើប​ពេល​គ្រាប់​​៦០មិល្លីម៉ែត្រផ្ទុះ​ បណ្ដាល​ឲ្យ​ត្រូវ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​តែ​ម្ដង​។ ប្ដី​ប្រពន្ធ​នេះ ជា​ជន​ចំណាកស្រុក មក​ធ្វើ​កម្មករ​កាប់​ដំឡូង​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ តែ​អកុសល​ បាន​ជួប​គ្រោះថ្នាក់​ដល់​បាត់បង់ជីវិត​៕

អត្ថបទដែលជាប់ទាក់ទង