អគ្គនាយកស៊ីម៉ាក់ថា ឈាមកូនខែ្មរ នៅតែបន្តហូរនិងស្លាប់ឥតឈប់ ដោយមរតកសង្រ្គាម
បាត់ដំបង ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសរសេរក្នុងផេកហ្វេសប៊ុកថា “គ្រោះថ្នាក់ផ្ទុះគ្រាប់មិនទាន់ផ្ទុះប្រភេទ៦០មិលី្លម៉ែត្រ ស្លាប់២នាក់ប្តីប្រពន្ធ! គ្រោះថ្នាក់កើតឡើងនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋម ទាំង២នាក់ ប្តីប្រពន្ធ គាត់ដុតគល់ឈើប្រហោង ដើម្បីយកទឹកនិងផ្លិតព្រួត ប្រហែលមិនដឹងថា មានគ្រាប់មិនទាន់ផ្ទុះនៅកន្លែងគល់ឈើនោះទេ។ ឈាមកូនខែ្មរ នៅតែបន្តហូរនិងស្លាប់ឥតឈប់ ទោះបីសង្គ្រាមត្រូវបានបញ្ចប់ហើយក៏ដោយ នេះជាមរតកនៃសង្គ្រាម”។
សូមបញ្ជាក់ថា ២នាក់ប្ដីប្រពន្ធ យកភ្លើងទៅដុតគល់ដើមឈើធំ ដែលកូនឈើតូចៗដុះព័ទ្ធ រហូតដល់ឆេះខ្លាំង ស្រាប់តែផ្ទុះគ្រាប់លាន់កក្រើក បណ្ដាលឲ្យបុរសជាប្ដីស្លាប់ភ្លាមៗ រីឯប្រពន្ធស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំបួរ កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី២៤ ធ្នូ នេះ ស្ថិតនៅចំណុចបឹងអន្ទង់ ស្ថិតក្នុងភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធនោះ បុរសជាប្ដីឈ្មោះជាតិ អាយុប្រហែល៥០ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ រីឯប្រពន្ធមិនទាន់ស្គាល់អត្តសញ្ញាណទេ តែបានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពបួរ។ ជនរងគ្រោះមានស្រុកកំណើតនៅភូមិត្រាំស ឃុំតានី ស្រុកទូកមាស ខេត្តកំពត បានមកស្នាក់នៅបណ្តោះអាសន្ន ធ្វើកម្មករកាប់ដំឡូងមី នៅភូមិ-ឃុំកើតហេតុខាងលើ។ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធនេះ បានយកភ្លើងទៅដុតព្រៃឈើតូចៗដុះជុំវិញគល់ដើមឈើធំ ដោយមិនបានដឹងថា គល់ឈើនោះ មានគ្រាប់កាំភ្លើងកប់ចោលនោះទេ លុះដុតឆេះស្រាប់តែផ្ទុះគ្រាប់លាន់កក្រើក បណ្ដាលឲ្យបុរសជាប្ដីស្លាប់ភ្លាមៗ រីឯប្រពន្ធស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំបួរ។
បើតាមការបំភ្លឺខ្លះៗពីអ្នកភូមិបានឲ្យដឹងថា ជនរងគ្រោះ២នាក់ប្ដីប្រពន្ធនោះ បានយកភ្លើងទៅដុតគល់ឈើនៅក្នុងចំការ ដើម្បីយកសត្វព្រូត តែពួកគាត់មិនបានដឹងថា ក្នុងគល់ឈើនោះ មានគ្រាប់កាំភ្លើងទេ។ ពេលដែលដុតភ្លើងឆេះប្ដីប្រពន្ធនេះ មិនទៅណាឆ្ងាយពីគល់ឈើទេ ទើបពេលគ្រាប់៦០មិល្លីម៉ែត្រផ្ទុះ បណ្ដាលឲ្យត្រូវទាំង២នាក់ប្ដីប្រពន្ធតែម្ដង។ ប្ដីប្រពន្ធនេះ ជាជនចំណាកស្រុក មកធ្វើកម្មករកាប់ដំឡូងនៅភូមិ-ឃុំកើតហេតុខាងលើ តែអកុសល បានជួបគ្រោះថ្នាក់ដល់បាត់បង់ជីវិត៕