ចែកសៀវភៅណែនាំ ពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ដល់សិស្សជាង១៥០០នាក់ នៅវិទ្យាល័យចំនួន៣ ក្នុងខេត្តកំពង់ស្ពឺ
ភ្នំពេញ៖ សិស្សានុសិស្សជាង ១៥០០នាក់នៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច វិទ្យាល័យ ឡុង សៀម និងវិទ្យាល័យត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ បានទទួលសៀវភៅណែនាំស្តីពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ពីមន្ត្រីសាលាក្តីខ្មែរក្រហមនៅអំឡុងពេលនៃការចុះផ្សព្វផ្សាយនៅលើទឹកដីខេត្តនេះនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៨។
លោក នេត្រ ភក្ត្រា ប្រធានផ្នែកកិច្ចការសាធារណៈ និងជាមន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថា “ថ្ងៃនេះ ខ្ញុំនិងក្រុមការងារសាលាក្តីខ្មែរក្រហម បានចុះមកផ្សព្វផ្សាយ អំពីកិច្ចការសាលាក្តីខ្មែរក្រហម ដល់ប្អូនសិស្សានុសិស្សចំនួនជាង ១៥០០ នាក់នៅវិទ្យាល័យ ហ៊ុន សែន ភ្នំស្រួច វិទ្យាល័យ ឡុង សៀម និងវិទ្យាល័យត្រែងត្រយឹង ក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងបានចែកសៀវភៅ ដល់ប្អូនៗសិស្សានុសិស្សផងដែរ។ បណ្តុះការអាន បង្កើនចំណេះដឹង”។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការជួបសិស្សានុសិស្សលោកគ្រូអ្នកគ្រូ ដោយផ្ទាល់នៅតាមសាលារៀននេះ ដើម្បីជម្រាបដល់ពួកគាត់ អំពីដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ក៏ ដូចជាចែកជូននូវឯកសារផ្សេងៗ ដើម្បីពួកគាត់បានសិក្សាស្វែងយល់បន្ថែមទៀត។
លោក នេត្រ ភក្ត្រា បានថ្លែងថា សិស្សានុសិស្សមានការសប្បាយរីករាយដែលបានទទួលសៀវភៅ សំណួរចម្លើយដែលនិយាយពីប្រវត្តិ នៃការបង្កើតតុលាការខ្មែរក្រហម និងដែនយុត្តាធិការក្នុងការជំនុំជម្រះ ក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលប្រព្រឹត្តឡើងនៅ អំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ ១៩៧៩។ លោកក៏បានជម្រាបដល់សិស្សានុសិស្សអំពីការវិវឌ្ឍថ្មីៗ ររបស់តុលាការនៅក្នុងការជំនុំជម្រះក្តីលើសំណុំរឿង ០០២/០២ ប្រឆាំងនឹង នួន ជា និងខៀវ សំផន ដែលត្រូវបានអង្គជំនុំជម្រះសាលាដំបូងសម្រេខផ្តាន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិតកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៨ កន្លងទៅ។ លោក នេត្រ ភក្ត្រា បានបញ្ជាក់ពី
សារសំខាន់នៃការជំនុំជម្រះក្តី លើអតីតមេដឹកនាំខ្មែរក្រហម គឺដើម្បីស្វែងរកការពិតដែលកើតឡើង និងផ្តល់យុត្តិធម៌ជូនជនរង
គ្រោះដែលបានបាត់បងជីវិត និងអ្នកដែលកំពុងតែរស់រានមានជីវិត ព្រមទាំងដើម្បីចូលរួមផ្សះផ្សាជាតិ ពង្រឹងសន្តិភាព ការផ្សះផ្សាផ្លូវចិត្ត និងការចងចាំ។
សិស្សានុសិស្សដែលត្រូវបានចោទសួរថា តើជឿថាមានរបបខ្មែរក្រហមកើតឡើងនៅប្រទេសកម្ពុជាទេ? ពួកគាត់បានឆ្លើយព្រមៗគ្នាថាជឿថាពិតជាមានរបបខ្មែរក្រហមកើតឡើងមែន ហើយរបបនេះត្រូវបានគេ ដឹងថាបានធ្វើបាបប្រជាជនដោយការធ្វើទារុណកម្ម សម្លាប់ បង្អត់អាហារ ការធ្វើការងារដោយហួសកម្លាំង គ្មានថ្នាំសង្កូវព្យាបាល គ្មានសាលារៀន មន្ទីរពេទ្យ ទីផ្សារឡើយ។ ពួកគាត់បានថ្លែងថាការយល់ដឹង និង
ចងចាំអំពីរឿងរ៉ាវនៅក្នុងរបបខ្មែរក្រហមនេះគឺតាមរយៈការនិយាយប្រាប់របស់ជីដូនជីតា ឪពុកម្តាយរបស់ ពួកគេដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហម។ យុវជនទាំងនេះបានថ្លែងថាខ្លួនមិនចង់ឱ្យរបបខ្មែរក្រហមវិល ត្រឡប់មកវិញឡើយ ព្រោះមានការលំបាកខ្លាំងណាស់។ ឆ្លើយតបនឹងសំណួររបស់សិស្សទាំងនោះ លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា វាពិតជាមានភាពចាំបាច់ដែលជនរងគ្រោះ ដែលរួចរស់ពីរបបខ្មែរក្រហម គួរនិយាយប្រាប់ដល់កូនៗរបស់ខ្លួនអំពី រឿងរ៉ាវនៃរបបខ្មែរក្រហម បើទោះបីជាមានការឈឺចាប់ ពេលដែលរំលឹកពីរឿងរ៉ាវចាស់ ប៉ុន្តែបានចូលរួមចំ ណែកយ៉ាងច្រើនក្នុងការពង្រឹងការចងចាំរបស់យុវជនជំនាន់ក្រោយ។ ទន្ទឹមនឹងដំណើរការសំណុំរឿងក្តីប្រឆាំងនឹងអតីតមេដឹកនាំជាន់ ខ្ពស់នៃរបបខ្មែរក្រហមនៅចំពោះមុខសាលាក្តីខ្មែរក្រហម ការចងចាំ និងទប់ស្កាត់ការវិលត្រឡប់មកវិញ
នូវអំពើឧក្រិដ្ឋកម្មអន្តរជាតិដូចជា ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍នៅកម្ពុជា ក៏ជាកិច្ចការសំខាន់មួយផងដែរ។ លោកបានលើកឡើងថា មូលហេតុសំខាន់ មួយក្នុងចំណោមមូលហេតុផ្សេងទៀត នៃការបង្កើតតុលាការខ្មែរក្រហមឡើង គឺដើម្បីពង្រឹងនីតិរដ្ឋ បំបាត់ វប្បធម៌និរទណ្ឌភាពលើឧក្រិដ្ឋកម្មដែលបានកើតឡើង និងស្វែរកអ្នកទទួលខុសត្រូវ ទោះបីជារបបនោះបានដួលរំលំជាយូរ មកហើយ ក៏ដោយ ព្រោះឧក្រិដ្ឋកម្មទាំងនេះមិនមានអាជ្ញាយុកាលឡើយ៕