រយៈពេល១១ខែ ក្នុងឆ្នាំ២០១៨ ប្រៃសណីយ៍កម្ពុជា រកចំណូលបានជាង១០លានដុល្លារ
ភ្នំពេញ ៖ ត្រឹមតែរយៈពេល១១ខែសោះ ក្នុងឆ្នាំ២០១៨នេះ ប្រៃសណីយ៍កម្ពុជាបាន រកចំណូលជាង១០លានដុល្លារអាមេរិក ខណៈនៅឆ្នាំ២០១៧ ប្រៃសណីយ៍កម្ពុជា រកចំណូលបានត្រឹមតែ ៨លាន៥សែន ដុល្លារអាមេរិកតែប៉ុណ្ណោះ។ នេះបើតាមលោក អោក បូរ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជា បានថ្លែងឲ្យដឹង នៅរសៀល ថ្ងៃចន្ទ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ ទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សាខាទី៦២នៃប្រៃសណីយ៍កម្ពុជា ទីតាំងផ្សារទំនើបអ៉ីអនម៉ល២ ខណ្ឌសែនសុខ។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកប្រៃសណីយ៍កម្ពុជាបានថ្លែងថា មកដល់២០១៨ នេះ ទើបតែ១១ខែ យើងទទួលបានប្រាក់ចំណូល ពីសេវានេះ ១០លានកន្លះហើយ ដូច្នេះនៅ១ខែទៀត យើងអាចថា ប្រហាក់ប្រហែលជាជិត ១២លានដុល្លារ នៅឆ្នាំ២០១៨នេះ»។កាលពីឆ្នាំ២០១៧ ចំណូលយើងបាន ៨លានកន្លះទេ តែឆ្នាំនេះយើងមានការកើនឡើង ដោយសារបញ្ញើ E-Commerce មានន័យថា យើងចែកដៃគូរលើពិភពលោក។ អតិថិជននៅស្រុកខ្មែរទិញតាម Online អញ្ចឹងយើងអាចចែកបញ្ញើ E-Commerce បានមានការកើនឡើង ដោយសារការបញ្ជាទិញតាម Online មានការកើនឡើង»។ដូច្នេះប្រៃសណីយ៍កម្ពុជា មានចំណូលកើនឡើងជារៀងរាល់ឆ្នាំ ឥតឈប់ឈរ។
លោកបញ្ជាក់ទៀតថា ការពង្រីកសាខាថ្មី នៅផ្សារទំនើបអ៉ីអនម៉ល២នេះ គឺដើម្បីរំកិលសេវាឲ្យកាន់តែខិតជិតអតិថិជនថែមទៀតហើយបើគិតមកដល់ពេលនេះ ប្រៃសណីយ៍កម្ពុជាមាន៦២សាខាហើយ នៅទូទាំងប្រទេស៕