ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅខណ្ឌដូនពេញប្រជាពលរដ្ឋសុំអោយកាប់ដើមឈើនិងមានវិធានការលើការដ្ឋានសំណង់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ

305

ភ្នំពេញ៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញដែលបានធ្វើឡើងនៅក្នុងវិទ្យាស្ថានជាតិអប់រំ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ប្រជាពលរដ្ឋបានស្នើសុំអោយអាជ្ញាធរជួយកាប់ដើមឈើ ដែលមានសភាពទ្រុឌទ្រោមនិងមានវិធានការទៅលើ

ការដ្ឋានសំណង់ដែលបានសាង់សង់ធ្វើអោយប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋបណ្តាលអោយប្រះស្រាំ ។ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៍ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋមិនបានលើកឡើងពីបញ្ហា ចោរកម្ម សន្តិសុខ សណ្តាប់ធ្នាប់នោះទេ។

   វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ធ្នូ២០១៨ ក្រោមអធិបតីភាពលោកម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួង ស្រេង

អភិបាលរាជធានីភ្នំពេញ និងលោកសូ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌដូនពេញ ព្រមទាំងមានការចូលរូមពីប្រជាពលរដ្ឋជាង៧០០នាក់ផងដែរ។

   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីនៅព្រឹកថ្ងៃទី២៥ធ្នូនេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ចំណុច ដែលទាក់ទងនឹងកង្វល់ផ្ទាល់របស់ប្រជាពលរដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងបញ្ហាអភិវឌ្ឍមូលដ្ឋាន។

    លោកម៉ប់ សារិន បានមានប្រសាសន៍លើកឡើងថាសម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ការចូលរួមមតិយោបល់ និងលើកឡើងនូវសំណើ សំណួរ សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ពិតជាបាននាំមកនូវសក្តានុពលយ៉ាងធំធេង  និងបានធ្វើឲ្យរដ្ឋបាលរាជធានីភ្នំពេញ ឆ្លុះបញ្ចាំងនូវចំណុចអសកម្មនានាពេលកន្លងមក ដើម្បីអោយរដ្ឋបាលរាជធានីធ្វើការកែលម្អឡើងវិញ និងអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ និងស្វែងរកនូវដំណោះស្រាយជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងមានប្រសិទ្ធភាពក្នុងនាមជាតំណាងរដ្ឋបាលសាធារណៈ។

     លោកបន្តថា វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីត្រូវបានធ្វើឡើងក្នុង១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ មានន័យថា ទាំង១២ខណ្ឌចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញនិងធ្វើឡើងចំនួន១២ដង ស្របពេលដែលឆ្នាំ២០១៨នេះរដ្ឋបាលរាជធានីភ្នំពេញបានបើកវេទិកាបានចំនួន១១ខណ្ឌរួចមកហើយ នេះជាខណ្ឌទី១២ហើយ ជាខណ្ឌចុងបញ្ចប់ផងដែរ។

   លោកបញ្ជាក់ប្រាប់ប្រជាពលរដ្ឋថា អ្វីដែលចាំបាច់ត្រូវតែលើកឡើង ដើម្បីអោយអាជ្ញាធរដោះស្រាយជូន ព្រោះវេទិកានេះ ក្នុងមួយឆ្នាំមានតែម្តង។

   លោកឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការដោះស្រាយរាល់កង្វល់ សំណូមពរប្រជាពលរដ្ឋ គឺពិតជាដោះស្រាយមិនងាយនឹងអស់ទេ ពោលគឺតែងតែកើតមាន ដូចយើងរៀនអញ្ចឹងដែរ គឹរៀនមិនចេះបញ្ចប់នោះទេ ដូច្នេះទេក្នុងនាមអាជ្ញាធរ និងមន្ត្រីជំនញយើងត្រូវរួមគ្នាដើម្បីដោះស្រាយរាល់បញ្ហាប្រឈមដែលប្រជាពលរដ្ឋលើកឡើង។

   លោកឃួង ស្រេងបានបន្តថា  វាទិការផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ មានសំណួរសំណូមពរផ្ទាល់មាត់ចំនួន៥នាក់និង លាយលក្ខអក្សរចំនួន៥៩បញ្ហា ដែលនាំអោយរដ្ឋបាលរាជធានី មើលឃើញពីចំណុចខ្វះខាត ដើម្បីបន្តដោះស្រាយជូនប្រជាពលរដ្ឋ ។ ក្នុងនាមជាតំណាងប្រជាពលរដ្ឋ យើងត្រូវដោះស្រាយជូនប្រជាពលរដ្ឋដោយមានតម្លាភាព ។ 

  ក្រៅពីនេះ លោកអភិបាលរាជធានីភ្នំពេញក៏បានជម្រុញអោយលោកអភិបាលខណ្ឌដូនពេញត្រូវតែចុះទៅមើលភ្លាមៗ បើមានបណ្តឹងប្រជាពលរដ្ឋ ពោលគឺបើរឿងសំណង់ត្រូវហៅអ្នកជំនាញទៅពិនិត្យ បើពិនិត្យឃើញថា ប្រជាជនត្រូវ យើងត្រូវឃាត់សំណង់ទាំងនោះ ។ កុំបិទភ្នែក ព្រោះនេះជាកិច្ចការងាររបស់យើង ដែលត្រូវតែធ្វើជូនពួកគាត់។ 

   ជុំវិញបញ្ហាសំរាមវិញ លោកអភិបាលរាជធានីភ្នំពេញក៏បានលើកឡើងដែរថា ចាប់ពីចូលឆ្នាំថ្មីនេះទៅ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអន្តរក្រសួងអាចនឹងមានវិធានការម៉ឺងម៉ាតបំផុត

 ជាមួយនឹងអ្នកចោលសំរាមផ្តេសផ្តាសនៅតាមទីសាធារណៈ។ លោកបន្តថា ផុតចូលឆ្នាំនេះយើងក៏នឹងទៅប្រទេសចិន ដើម្បីសូមការជួយពីចិន លើការងារប្រមូលសំរាមនេះ តាមរយះការសុំរថយន្តសំអាតសម្រាម។

   ពាក់ព័ន្ធនឹងរឿង អគ្គិសនី លោកអភិបាលក៏បានបញ្ជាក់បន្ថែមថា អគ្គិសនីសម្រាប់ផ្គត់ផ្គង់អាជីកម្មធុនតូច នៅតាមផ្សារគឺមានតំលៃ៧៤០រៀលក្នុងមួយគីឡូវ៉ាត តែសម្រាប់អគ្គិសនីផ្គត់ផ្គង់អោយប្រជាពលរដ្ឋនៅតាមផ្ទះមានតម្លៃ៤៨០រៀក្នុងមួយគីឡូវ៉ាត នេះជាកាដូថ្មីមួយទៀតរបស់សម្តេចតជោជូនចំពោះបងប្អូនប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា អ្នកម៉ៅការធំពីអគ្គិសនីកម្ពុជា ត្រូវប្រញាប់ទំនាក់ទំនងជាមួយអគ្គិសនីកម្ពុជាដើម្បីអោយខាងអគ្គិសនីកម្ពុជាជួយសម្រាលលើការងារនេះ ៕

អត្ថបទដែលជាប់ទាក់ទង