កិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យ លើការអនុវត្ត និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទ ទៅអោយគណៈអាជីវករខ្លួនឯងវិញ
កំពង់ចាមៈនាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នេះ លោក គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានបើកកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យឡើងវិញ លើការអនុវត្ត និងការគ្រប់គ្រងផ្សារគ្រប់ប្រភេទ ដោយគណៈអាជីវករ ដើម្បីចង់ដឹងអំពីសុខទុក្ខ និងការអនុវត្តតួនាទីភារកិច្ច របស់គណៈអាជីវករផ្សារ អស់រយៈពេល១ឆ្នាំ២០១៨ នៃផ្សារទាំង២៣ទូទាំងខេត្តកំពង់ចាម
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក អភិបាលរងខេត្ត លោក លោកស្រី ជាតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ លោក លោកស្រីជាអភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំង គណៈអាជីវករ និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបផងដែរ។
លោក ហុក ពេជ្រហោះ នាយករដ្ឋបាលសាលាខេត្ត បានធ្វើរបាយការណ៍ឲ្យដឹងថា ផ្អែកតាមលិខិតលេខ ៥៩៩៥ សហវ.អទច របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីការគ្រប់គ្រងផ្សារគ្រប់ប្រភេទ ទូទាំងខេត្តកំពង់ចាម រដ្ឋបាលខេត្ត បានបង្កើតគណៈកម្មការ ដើម្បីពិនិត្យ វាយតម្លៃ និងទូទាត់សំណងផលប៉ះពាល់អំពីការបញ្ចប់អាណត្តិ នៃកិច្ចសន្យា មុនកាលកំណត់ ចំពោះ ផ្សាររបស់ខេត្តកំពង់ចាម ដោយបានប្រគល់ផ្សារដេញថ្លៃចំនួន១៥ ជូនគណៈអាជីវករគ្រប់គ្រងដោយខ្លួនឯង ចាប់ពីថ្ងៃទី១ មករា ឆ្នាំ២០១៨ មក ដែលក្នុងនោះមាន ផ្សារធំកំពង់ចាម និងផ្សារសាមគ្គី នៃក្រុងកំពង់ចាម ។ ផ្សារថ្នល់បែក ផ្សារស្វាយទាប ផ្សារតាអុង ផ្សារចំការអណ្ដូង នៃស្រុកចំការលើ។ ផ្សារព្រែកពោធិ៍ ផ្សារព្រែកដំបូក ផ្សារស្វាយសាច់ភ្នំ ផ្សារបារាយណ៍ នៃស្រុកស្រីសន្ធរ ។ ផ្សារគរ ផ្សារអ្នកតាស្នឹង នៃស្រុកព្រៃឈរ ។ ផ្សារពាមជីកង នៃស្រុកកងមាស ។ ផ្សារភ្នំដិល នៃស្រុកបាធាយ និងផ្សារភ្នំ នៃស្រុកកំពង់សៀម ។ ក្រៅពីនោះ ផ្សារចំនួន ០៨ទៀត ក៏បានប្រគល់ឲ្យគណៈអាជីវករ គ្រប់គ្រង ចាប់តាំងពីថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៨ មក ។ ដោយឡែក ក្នុងរយៈពេល ១ឆ្នាំ កន្លងទៅនេះ ការគ្រប់គ្រងផ្សារដោយគណៈអាជីវករ ក៏នៅមានចំណុចវិជ្ជាមាន និងអវិជ្ជមាន ផងដែរ ។
លោក គួច ចំរើន បានថ្លែងនូវការកោតសរសើរ ចំពោះគណៈអាជីវករផ្សារទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ក្នុងការបម្រើ ទៅដល់ អាជីវកររបស់ខ្លួន ជាពិសេស ការធ្វើឲ្យសម្រេចបាននូវសមិទ្ធផលជាបន្តបន្ទាប់ នារយៈពេល ១ឆ្នាំ កន្លងទៅ បើទោះបីជាមានកន្លែងមួយចំនួន មិនទាន់បានអនុវត្តបានលទ្ធផលល្អប្រសើរក៏ដោយ ។
លោក អភិបាលខេត្ត មានប្រសាសន៍ រំឭកថា ដោយមានការត្អូញត្អែរពីសំណាក់អតិថិជន និងអាជីវករ តាមផ្សារ ទៅលើយន្តការ នៃការគ្រប់គ្រងផ្សារនីមួយៗ កាលពី អតីតកាល ជាពិសេស លើទម្រង់ទាំង៣ ប្រភេទ គឺ ៖ ១.ការដាក់ផ្សារឲ្យបុគ្គលឯកជន និងក្រុមហ៊ុន ធ្វើការវិនិយោគ ។ ទី២.ការដាក់ផ្សារឲ្យដេញថ្លៃប្រចាំឆ្នាំ និងទី៣.ការដាក់ផ្សារ ឲ្យគណៈកម្មការផ្សារគ្រប់គ្រង ។ ហើយទទួលលទ្ធផល មិនបានជោគជ័យ ទាំងស្រុងនោះ ជាពិសេស កិច្ចការទាំងនេះ គឺតែងបានសាធារណៈមតិ លើកយកមកវាយប្រហារ ចំពោះ អាជ្ញាធរ និងរាជរដ្ឋាភិបាល ក្នុងការគេងចំណេញលើផ្នែកនយោបាយនោះ ។ រដ្ឋបាលខេត្ត ក៏បានពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បី ប្រគល់ផ្សារ ទាំងអស់ នៃខេត្តកំពង់ចាម ដើម្បី ឲ្យគណៈអាជីវករ ជាអ្នកគ្រប់គ្រងខ្លួនឯងវិញ នេះមានន័យថា គឺមានតែអាជីវករគ្នាឯងប៉ុណ្ណោះ ទើបដឹងអំពីសុខទុក្ខ ការលំបាក ចេះជួយយកអាសាគ្នា និងដោះស្រាយបញ្ហាជាមួយគ្នា បានទាន់ពេលវេលា ។ ដូច្នេះ តាមរយៈ សិទ្ធិអំណាច ដែលរដ្ឋបានផ្ដល់ជូនទាំងអស់នេះហើយ សូមឲ្យគណៈអាជីវករ នៃផ្សារនីមួយៗ យកចិត្តទុកដាក់អនុវត្ត ទៅតាមតួនាទី និងភារកិច្ច របស់ខ្លួន ដើម្បីបម្រើ សេវាអតិថិជន និងធ្វើការអភិវឌ្ឍផ្សាររបស់ខ្លួន ឲ្យបានល្អប្រសើរ ទៅតាមអាណត្តិ ដែលខ្លួនគ្រប់គ្រងនោះ ។
ដោយឡែក ដើម្បីបញ្ជៀសនូវបញ្ហានានា ទាក់ទងទៅនឹងការគ្រប់គ្រងចំណូល ចំណាយ លោក អភិបាលខេត្ត ក៏បានជំរុញញដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត សហការជាមួយរដ្ឋបាលខេត្តកំពង់ចាម រៀបចំវគ្គបណ្ដុះបណ្ដាលដល់គណៈអាជីវករ អំពីទ្រឹស្ដី ក៏ដូចជានីតិវិធីនានា ដើម្បី ឲ្យពួកគេ យកទៅអនុវត្តនៅតាមបណ្ដាផ្សារនីមួយៗ ឲ្យកាន់តែល្អប្រសើរថែមទៀត ។
សូមបញ្ជាក់ថា គណៈអាជីវករផ្សារ មានរចនាគ្រប់គ្រង ដឹកនាំដោយប្រធាន ១រូប អនុប្រធាន ២រូប និងមានផ្នែកផ្សេងៗ ដែលមានសមាជិក សរុបចាប់ពី ៥ ទៅ ៩រូប ទៅតាមទំហំផ្សារនីមួយៗ ។ គណៈអាជីវករ បង្កើតឡើង ដោយការបោះឆ្នោតជ្រើសរើស ពីសំណាក់អាជីវករផ្សារនីមួយៗ ក្នុងមួយអាណត្តិ ៣ឆ្នាំម្ដង។ ខេត្តកំពង់ចាម គឺជាខេត្តដំបូងគេ ដែលទទួលបានគោលនយោបាយ ដើម្បីប្រគល់ផ្សារឲ្យទៅគណៈអាជីវករ ជាអ្នកគ្រប់គ្រងផ្ទាល់៕