ប្រាប់និស្សិត ត្រូវយកចំណេះវិជ្ជា ដែលត្រូវរៀន មកជួយសង្គមខ្មែរវិញ បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសអូស្ត្រាលី
ភ្នំពេញ៖ រសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យនិស្សិតខ្មែរដែលជាប់អាហារូបករណ៍ ទៅសិក្សានៅប្រទេសអូស្ត្រាលីចូលជួបសម្តែងការគួរសម និងផ្តល់អនុសាសន៍មួយចំនួនមុនពួកគេ ទៅបន្តការសិក្សានៅប្រទេសអូស្ត្រាលី។
ថ្លែងនៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេងបានផ្តល់អនុសាសន៍ មួយចំនួន ដល់បងប្អូនដែលជានិស្សិតទាំងអស់ត្រូវខិតខំរៀនសូត្រ ដើម្បីឲ្យក្លាយជាទំពាំងស្នងឬស្សី និងពេលបញ្ចប់ការសិក្សា ត្រូវជួយបម្រើសង្គមខ្មែរ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត នៅលើជំនាញដែលខ្លួន បានសិក្សានោះ។
សម្តេចបានបញ្ជាក់បា្រប់ដល់និស្សិតទាំងនោះទៀតថា ជាធម្មតានិស្សិតកម្ពុជា តែងតែទៅបន្តការសិក្សា នៅក្រៅប្រទេសក្រោយពីពួកគេប្រឡងជាប់ អាហារូបករណ៍ជាក់ស្តែងដូចកូន ក្មួយនាពេលនេះយ៉ាងដូច្នេះដែរ។ ដូច្នេះត្រូវខិតខំក្រេបជញ្ជក់យកចំណេះវិជ្ជា ដែលយើងត្រូវរៀន និងត្រូវជួយសង្គមខ្មែរយើងវិញបន្ទាប់ពីយើងត្រូវបានបញ្ចប់នោះ។
សូមបញ្ជាក់ថា តាំងពីឆ្នាំ១៩៩៤មកមាននិស្សិតកម្ពុជាជិតមួយពាន់នាក់ ហើយដែលបានទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលី ដោយមុខវិជ្ជាជាច្រើនដូចជា ផ្នែកច្បាប់ អក្សរសាស្រ្តអង់គ្លេស សេដ្ឋកិច្ច ទំនាក់ទំនងសាធារណៈនិងមុខវិជ្ជាជាច្រើនទៀត៕