ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសតំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ចំពោះពលរដ្ឋមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនលីយ៉ុងផាត់

63

ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ បានចេញសេចក្តីជូនដំណឹងស្តីពី កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស កំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ ជូនដល់ប្រជាពលរដ្ឋក្រុម ៥៨៥ គ្រួសារ ក្រុមប្រជាពលរដ្ឋ ២០០គ្រួសារ និងក្រុមប្រជាពលរដ្ឋ ១៧៥ គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុន Koh Kong Plantation Co.Ltd ក្រុមហ៊ុន Koh Kong Sugar Industry Co.Ltd នៅឃុំដងពែង និងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៨ នៅសាលាឃុំជីខលើ ។

តាមរយៈសេចក្តីជូនដំណឹងស្តីពីកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីកំណត់តំបន់ ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដី មានលក្ខណៈជាប្រព័ន្ធ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ លោកផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទីខេត្តកោះកុង បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលពាក់ព័ន្ធ នឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមចូលរួមស្តាប់ការផ្សព្វផ្សាយសេចក្តីប្រកាសតំបន់វិនិច្ឆ័យ និងការពន្យល់ណែនាំពីមន្រ្តីគ្រប់គ្រង ការងារតំបន់វិនិច្ឆ័យតំណាងគណៈកម្មការរដ្ឋបាលស្តីពីដំណើរការនៃការវិនិច្ឆ័យ បំភ្លឺពីបញ្ហាច្បាប់ និងឆ្លើយរាល់សំណួរទាក់ទងនឹងការវិនិច្ឆ័យតាមពេលវេលានិងទីកន្លែងកំណត់។ រដ្ឋបានលខេត្តកោះកុង សង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋក្រុម ៥៨៥គ្រួសា ក្រុមប្រជាពលរដ្ឋ២០០គ្រួសារ និងក្រុមប្រជាពលរដ្ឋ ១៧៥គ្រួសារ ដែលមនាការពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ នឹងឆ្លៀតឱកាសដើម្បីចូលរួមបំពេញ កាតព្វកិច្ចរបស់ខ្លួន ពាក់ព័ន្ធការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ យ៉ាងផុលផុសជាមិនខាន។

សូមបញ្ជាក់ថា នាពេលកន្លងមក ប្រជាពលរដ្ឋ​មាន​ជម្លោះដីធ្លី​រ៉ាំរ៉ៃ នៅ​ខេត្ត​កោះកុង ជាមួយ​ក្រុមហ៊ុន​ស្ករអំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ បាន​លើកគ្នា​ឡើង​តវ៉ា​នៅមុខ​ក្រសួង​រៀបចំ​ដែនដី​ ដើម្បី​អន្តរាគមន៍ទៅរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុង ផ្តល់សំណង និងដីធ្លីទៅ​ឲ្យ​ពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង