បុរសម្នាក់ស្លាប់ ដោយសារគល់ឈើទាល រមៀលកិនពីលើ
ពោធិ៍សាត់ៈ បុរសម្នាក់ស្លាប់ ដោយសារគល់ឈើទាលរមៀលកិនពីលើគៀប ពេលយករណារយន្តអារគល់ឈើទាលដាច់ ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១៥និង៤៥នាទី ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភ្នំក្រឡឹង ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
យោងតាមរបាយការណ៍ពីនគរបាលរដ្ឋបាលអន្លង់រាប បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះឈ្មោះ កឹម សយ បានចាកចេញពីស្រុកកំណើត មកស្នាក់នៅរកស៊ីសព្វថ្ងៃក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្នុងគោលបំណងប្រកបមុខរបររកស៊ីចិញ្ចឹមគ្រួសារ លុះមកដល់ថ្ងៃកើតហេតុបុរសរងគ្រោះរូបនេះ បានយករណារអារគល់ឈើទាល គល់ឈើនោះដាច់ ក៏រមៀលចេញ បុរសរងគ្រោះគេចមិនរួចក៏កិនស្លាប់តែម្តង ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាបបាន បន្តឲ្យដឹងថា ក្រោយពីសមត្ថកិច្ចនិងអាជ្ញាធរ ពិនិត្យរួច ធ្វើការបានអះអាងថា ជនរងគ្រោះពិតជាស្លាប់ដោយករណី គល់ដើមឈើទាលរមៀលកិនស្លាប់ពិតប្រាកដមែន ៕