កីឡាករប្រដាល់ អេ រដ្ឋា រងគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ ទទួលបានការសន្តោសប្រណីពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ ៖ ដោយទឹកចិត្តអាណិតអាសូរជាពន់ពេក នៅ ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៨ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីចុះសួរសុខទុក្ខ ពិនិត្យស្ថានភាពរបួស និងនាំយកថវិកាមួយចំនួន ផ្តល់ជូនកីឡាករប្រដាល់សេរី ដូង ផា (ហៅក្រៅថា អេ រដ្ឋា) អាយុ ២១ឆ្នាំ ជាកូនកំព្រាឪពុកម្តាយ បានរងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ដោយត្រូវរថយន្តបុកនិងកិនបន្ថែម កាលពីយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០១៨។ ដោយស្ថានភាពធ្ងន់ធ្ងររហូតបែកប្លោកនោម ដាច់ពោះវៀន ដាច់សរសៃឈាមក្រលៀន ផងនោះ បច្ចុប្បន្នជនរងគ្រោះកំពុងសង្គ្រោះបន្ទាន់យ៉ាងយកចិត្តទុកដាក់ពីក្រុុមគ្រូពេទ្យ នៃមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងការសោកស្តាយចំពោះលោក ដូង ផា ដែលរងគ្រោះថ្នាក់ដោយជនបង្កយ៉ាងព្រៃផ្សៃ និងផ្តាំផ្ញេីឱ្យអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងសូមឆាប់បានជាសះស្បើយឡេីងវិញ។ ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមអំពាវនាវដល់ សមត្ថកិច្ចពាក់ព័ន្ធឱ្យស្វែងរកជនបង្កបទល្មេីសមកផ្តន្ទាទោសតាមច្បាប់។
អ្នកស្រី ដូង សុខេន ត្រូវជាបងស្រីបង្កេីតនិងជាអាព្យាបាលរបស់ ដូង ផា ដែលនៅមេីលថែទាំនោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានលេីកទឹកចិត្ត និងផ្តល់ក្តីសង្ឃឹមដល់គ្រួសារជនរងគ្រោះគ្រប់ប្រភេទដោយគ្មានការរើសអើងអ្វីឡើយ។
សូមបញ្ជាក់ជូនដែរថា អ្នកជំងឺម្នាក់ដែលមានជំងឺសួតធ្ងន់ធ្ងរ កំពុកសម្រាកព្យាបាលនៅក្នុងបន្ទប់ជាមួយគ្នានោះ ក៏ទទួលបានអំណោយទឹកដោះគោ និងថវិកាមួយចំនួន ពីកាកបាទក្រហមកម្ពុជា ផងដែរ៕