ក្មួយប្រធានមន្ទីរអប់រំខេត្តកោះកុង អ្នកគ្រូ លឹម សុវណ្ណនី លក់វិញ្ញាសាឲ្យសិស្ស ធ្វើឲ្យផ្ទុះប្រតិកម្ម
កោះកុង៖ ករណីអ្នកគ្រូ លឹម សុវណ្ណនី លក់មេរៀនសិស្សថ្នាក់ទី៧ ត្រូវបានផ្ទុះប្រតិកម្មពីសិស្ស ហើយនាយកសាលាវិទ្យាល័យកោះកុង បានធ្វើរបាយការណ៍បញ្ជូនទៅមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង រួចហើយ ហើយចំពោះចំណាត់ការបែបណានោះ គឺស្រេចតែខាងលោកប្រធានមន្ទីរជាចាត់ការ ។
សិស្សថ្នាក់ទី៧ នៃវិទ្យាល័យកោះកុង បានចោទប្រកាន់ចំពោះ អ្នកគ្រូ លឹម សុវណ្ណនី ដែលជាគ្រូបង្រៀនមុខវិជ្ជា ពលរដ្ឋ និង សីលធម៌ ថ្នាក់ទី៧ A-E នៃសាលាវិទ្យាល័យកោះកុង ថា បានលក់វិញ្ញាសាថ្លៃ ដោយក្នុង១សន្លឹក ចាប់ពី៥ពាន់រៀល ទៅ១ម៉ឺនរៀល ដែលជាហេតុធ្វើឲ្យសិស្សក្រីក្រជាច្រើន ពុំមានលទ្ធភាព ក្នុងការទិញវិញ្ញាសារបស់អ្នកគ្រូ។
ការចោទប្រកាន់នេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មាន បានចុះទៅយកព័ត៌មាន ដល់សាលាវិទ្យាល័យកោះកុង កាលពីព្រឹកថ្ងៃទី២៨ខែធ្នូ។
អ្នកគ្រូ លឹម សុវណ្ណនី ក៏ជាក្មួយស្រី របស់លោកប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តកោះកុង បានថ្លែងបដិសេធថា មិនបានលក់វិញ្ញាសាឲ្យទៅសិស្ស ដូចការចោទប្រកាន់នោះទេ ការដែលអុ្នកគ្រូយកលុយ ពីសិស្ស ក្នុងម្នាក់៥ពាន់រៀល គឺជាកម្រៃពលកម្ម របស់ក្នុងការបង្រៀនគួសិស្សទាំងនោះ។
ទាក់ទងនឹងបាតុភាពនេះ លោក ម៉ែន ស៊ីថាត នាយកសាលាវិទ្យាល័យកោះកុង បានថ្លែងថា ចំពោះបាតុភាពមិនប្រក្រតី នៃការលក់វិញ្ញសារបស់អ្នកគ្រូ លឹម សុវណ្ណនី ត្រូវបានខាងសាលា ធ្វើរបាយការណ៍បញ្ជូនទៅមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង រួចហើយ ហើយចំពោះចំណាត់ការបែបណា ចំពោះរឿងរ៉ាវនេះ គឺស្រេចតែខាងលោកប្រធានមន្ទីរនោះទេ ។
ជុំវិញមិនប្រក្រតី លោក ង៉ែត ឡឹង បានទទួលស្គាល់ថា អ្នកគ្រូ លឹម សុវណ្ណនី ពិតជាក្មួយរបស់លោកមែន ហើយប្រាប់ថា ពេលនេះ លោកកំពុងជាប់រវល់ ៕