សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីការពារប្រទេសឡាវ
ភ្នំពេញ៖ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយលេខាធិការប្រតិបត្តិនៃអង្គការអ្នកនិយមកណ្ដាលអន្តរជាតិរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយលោក ចាន់ សាម៉ន ចាន់ញ៉ាឡាត រដ្ឋមន្ត្រីការពារប្រទេសឡាវ ជាបន្តទៀត។
ក្នុងជំនួបនោះ លោក ចាន់ សាម៉ន ចាន់ញ៉ាឡាត បានវាយតម្លៃខ្ពស់ចំពោះដំណើរការវិវត្តន៍ និងការអភិវឌ្ឍរបស់កម្ពុជា។ លោកបានមានប្រសាសន៍ថា កម្ពុជាគឺជាប្រទេសមួយ ដែលមានភាពស្រស់ស្អាត ហើយក៏មានការរីកចម្រើនអភិវឌ្ឍន៍ យ៉ាងលឿនយ៉ាងឆាប់រហ័សផងដែរ ។ លើសពីនេះទៅទៀត លោកក៏បានគោរពជម្រាបជូន ពីជំនួបលោកផ្ទាល់ជាមួយ នឹងសម្ដេចពិជ័យសេនា ទៀ បាញ់ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិប្រទេសឡាវ និងក្រសួងការពារជាតិកម្ពុជា ដែលសង្កត់ធ្ងន់ ទៅលើការហ្វឹកហាត់ និងការផ្លាស់ប្តូរទស្សនកិច្ចរវាងគ្នានិងគ្នា និងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក។ លើសពីនេះទៅទៀត លោកក៏បានគោរពនូវការអបអរសាទរ ចំពោះខួបនៃការបញ្ចប់សង្គ្រាមរបស់ប្រទេសកម្ពុជា និងការដាក់សម្ភោធ វិមានឈ្នះឈ្នះ។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនារវាងលោក ចាន់ សាម៉ន ចាន់ញ៉ាឡាត និងសម្ដេចពិជ័យសេនា ទៀ បាញ់ ហើយក៏បានស្នើសុំឲ្យជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ព រវាងប្រជាជន និងប្រជាជន ព្រោះថានេះ គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍសង្គម។ សម្តេចតេជោ ក៏បានជម្រាបលោករដ្ឋមន្ត្រីការពារប្រទេសឡាវផងដែរ អំពីដំណើរការនៃការបញ្ចប់សង្គ្រាម តាមរយៈការដាក់ចេញនូវ នយោបាយឈ្នះឈ្នះនេះ ក៏ដូចជាការចុះចូលនៃអតីតមេដឹកនាំខ្មែរក្រហម នៅផ្ទះរបស់សម្ដេច។ សម្ដេចបានកំណត់យកថ្ងៃទី២៩ ខែធ្នូ ជាខួបនៃការបញ្ចប់សង្គ្រាម ដែលធ្វើឲ្យប្រទេសជាតិទទួលបានការបង្រួបបង្រួមជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍រីកចំរើនរហូតដល់សព្វថ្ងៃនេះ៕