ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ ផ្សារភ្ជាប់ពីគុណតម្លៃរបស់កងទ័ពប្រជាជនវៀតណាម

84


ភ្នំពេញ៖ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាមនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនូវគុណូបការៈ របស់កងទ័ពប្រជាជនវៀតណាម ដែលបានចូលមកបំពេញភារកិច្ចអន្តរជាតិ ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសុខសន្តិភាពដល់សព្វថ្ងៃ ហើយការដាក់សម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ នាពេលនេះ ក៏ជាការបង្ហាញឲ្យឃើញ នូវការផ្សារភ្ជាប់នូវគុណតម្លៃ ដែលមិនអាចបំភ្លេច បាន របស់កងទ័ពប្រជាជនវៀតណាមដែរ ។

ក្នុងដំណើរអញ្ជើញមកបំពេញទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា របស់គណៈប្រតិភូយោធាជាន់ខ្ពស់ ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀណាម ដែលដឹកនាំដោយលោក​ នាយឧត្តម​សេនីយ៍​ ង៉ូ​ ស៊ុនលិច្ស​ រដ្ឋមន្ត្រីក្រសួងការពារប្រទេស ដើម្បីមកចូលរួមជាកិតិ្តយស ក្នុងពិធីសម្ពោធវិមាន​អនុស្សាវរីយ៍នយោបាយ​ ឈ្នះឈ្នះ​ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា​ (១៩៩៨-២០១៨)​ ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៨​ ត្រូវបានទទួលការ ស្វាគមន៍ពីសំណាក់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រួមជា មួយនាយទាហានជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀតផងដែរនារសៀលថ្ងៃទី២៧ ខែ ធ្នូ ឆ្នាំ២០១៨ នៅវិមានមិត្តភាព ទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងមានពិធីចុះហត្ថលេខាលើអនុស្សារណៈ ស្តីពី ផែនការកិច្ចសហប្រតិបត្តិការ​ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ​ កម្ពុជា​ វៀតណាម​ផងដែរ​។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងដោយក្តីសោមនស្សរីករាយបំផុតចំពោះ លោករដ្ឋមន្ត្រី ដែលបានឆ្លៀតឱកាសដ៏មមាញឹក ដឹកនាំគណៈប្រតិភូយោធា ជាន់ខ្ពស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋ សង្គមនិយមវៀណាមមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺស្របពេលដែលកម្ពុជាទើប នឹងធ្វើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី ៦ ដោយមានតម្លាភាព និង ត្រឹមត្រូវ ។ ហើយថ្មីៗនេះគណបក្សប្រជាជនកម្ពុជា ទើបនឹងបានបញ្ចប់នូវមហាសន្និបាតរបស់ខ្លួន ដោយបានកំណត់នូវមាគ៌ាច្បាស់លាស់ក្នុងការដឹកនាំវាសនាប្រទេសជាតិ ។ សម្តេចក៏បានលើកឡើងនូវគុណូបការៈ របស់កងទ័ពប្រជាជនវៀតណាម ដែលបានចូលមកបំពេញភារកិច្ចអន្តរជាតិ ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងនាំមកនូវសុខសន្តិភាពដល់សព្វថ្ងៃ។ ហើយការដាក់សម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះ នាពេលខាងមុខនេះ ក៏ជាការបង្ហាញឲ្យឃើញ នូវការផ្សារភ្ជាប់នូវគុណតម្លៃដែលមិនអាចបំភ្លេច បានរបស់កងទ័ពប្រជាជនវៀតណាមដែរ ។ ក្នុងឱកាសនោះផងដែរសម្តេចក៏បានលើកឡើងនូវការរួម ចំណែកដ៍ធំធេងក្នុងការកសាងខ.ភ.ម របស់កងទ័ពប្រជាជនវៀតណាមតាំងពីដើមរៀងរហូតមកដោយមិន ត្រឹមតែជួយជាស្មារតី នឹងសម្ភារៈប៉ុណ្ណោះទេ កងទ័ពប្រជាជនវៀតណាម ថែមទាំងជួយបណ្ដុះបណ្ដាល ធនធានមនុស្សឱ្យខ.ភ.មជារៀងរហូតទៀតផង។ ជាក់ស្តែងនៅក្នុងអនុស្សរណៈស្តីពី ផែនការកិច្ចសហ ប្រតិបត្តិការ​ឆ្នាំ២០១៩ រវាងក្រសួងការពារជាតិ នៃប្រទេសយើងទាំងពីរ​ កម្ពុជា​ វៀតណាម​ ក៏បានបង្ហាញថា រដ្ឋាភិបាល និងកងទ័ពប្រជាជនវៀណាម នៅតែបន្តយកចិត្តទុកដាក់ជួយដល់ ខ.ភ.ម ជារៀងរហូត ។ លោក នាយឧត្តម​សេនីយ៍​ ង៉ូ​ ស៊ុនលិច្ស​ បានថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងខ.ភ.មទាំងអស់ ដែលបាន ទទួលស្វាគមន៍ចំពោះគណៈប្រតិភូ របស់លោកក្នុងពេលនេះ។ លោកបានបញ្ជាក់ថា៖ សព្វថ្ងៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ពិសេសមានស្ថេរភាពនយោបាយ, សង្គមនិងស្ថេរភាព នៃកំណើនសេដ្ឋកិច្ចជាតិ ជាបន្តបន្ទាប់ ។ លោក រដ្ឋមន្ត្រីក៏បានលើកឡើង អំពីកិច្ចសហប្រតិបត្តិការ រវាងកងទ័ពនៃប្រទេសទាំង ២ គឺត្រូវបានកំណត់ នៅក្នុងអនុស្សរណៈជាប្រចាំឆ្នាំ ហើយយើងត្រូវខិតខំអនុវត្តឲ្យបានសម្រេចជោគជ័យ ។
ក្នុងខ្លឹមសារអនុស្សរណៈកិច្ចសហប្រតិបត្តិការឆ្នាំ ២០១៩ ដែលរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំង ២ បានធ្វើការចុះហត្ថលេខានាពេលនេះរួមមាន ៖ ជំនួយស្មារតី លើការងារអប់រំចិត្ដសាស្ដ្រឲ្យដល់ខ.ភ.ម , កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើង ទឹកនៃប្រទេសទាំងពីរកម្ពុជា-វៀតណាម, កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំងការពារព្រំដែន នៃប្រទេស ទាំងពីរ កម្ពុជា-វៀតណាម, ផ្លាស់ប្តូរគណៈប្រតិភូកងឯកភាព និងគណៈប្រតិភូសម្រាកបំប៉នសុខភាព ទំនាក់ទំនងរវាងបណ្តាកងឯកភាព , ទទួលបណ្តុះបណ្តាលនិងហ្វឹកហាត់ឲ្យនាយទាហាន , ជំនួយឧបត្ថម្ភការងាររុករក​វេចខ្ចប់និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុយុទ្ធជនពលីវៀតណាម និង ពិនិត្យនិងព្យាបាលជំងឺជូន យោធិននៃកងយោធពលខេមរភូមិន្ទ ដែលត្រូវទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យកងទ័ពវៀតណាម ៕

អត្ថបទដែលជាប់ទាក់ទង