អ្នករត់ម៉ូតូឌុបម្នាក់ ត្រូវចោរអារកប្លន់យកម៉ូតូ
ភ្នំពេញ៖ បុរសម្នាក់មានមុខរបរជាសន្តិសុខ ហើយឆ្លៀតពេលមករត់ម៉ូតូឌុប ដើម្បីបង្កើនប្រាក់ចំណូលទ្រទ្រង់ជីវភាព ត្រូវបានចោរអារកសម្លាប់ ប្លន់យកម៉ូតូ ទៅបាត់ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចឡើយ
ដែលហេតុការណ៍នេះ កើតឡើងកាលពីម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ នៅមុខវត្តក្រាំងធ្នង់ ស្ថិតក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ក្រុងភ្នំពេញ។
ជនរងគ្រោះ ឈ្មោះ មុត ចន្ថន មុខរបរជាសន្តិសុខ និងឆ្លៀតពេលទំនេរបន្តិចបន្តួចមករត់ម៉ូតូឌុបបន្ថែម តែអកុសល បានម៉ូយឌុបហើយ តែប៉ះចំចោរទៅវិញ ត្រូវចោរប្លន់អារកសម្លាប់យកម៉ូតូ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ក្រោយកើតហេតុ បានសុំម្ចាស់ផ្ទះនៅកន្លែងកើតហេតុ ដែលមានបំពាក់កាមេរ៉ាសុវត្ថិភាព ដែលនៅខាងមុខផ្ទះឆែកមើលឃើញថា បុរសរងគ្រោះ បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០១៥ និងបានឌុបបុរសម្នាក់ ដែលជាជនសង្ស័យ ធ្វើដំណើរតាមបណ្ដោយផ្លូវ២០១១ ក្នុងទិសដៅពីលិចទៅកើត ។
លុះមកដល់ចំណុចខាងលើ ជនរងគ្រោះក៏បានបន្ថយល្បឿន រៀបឈប់ ជនសង្ស័យដែលអង្គុយពីក្រោយ បានយកកាំបិតទៅអារកបុរសរងគ្រោះ ហើយច្រានជនរងគ្រោះ ធ្លាក់ពីលើម៉ូតូ ។ បន្ទាប់មក ជនសង្ស័យក៏បានជិះម៉ូតូរបស់ជនរងគ្រោះ រត់គេចខ្លួន តែជនរងគ្រោះ ក៏បានព្យាយាមតោងកាងម៉ូតូរបស់ខ្លួន ត្រូវជនសង្ស័យ ជិះអូសតាមម៉ូតូប្រមាណជិត១០ម៉ែត្រ ទើបរបូតដៃ ហើយជនសង្ស័យក៏បន្ថែមល្បឿន ជិះរត់គេចខ្លួនបាត់ ។